• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៣ ព្រឹក

៨ខែឆ្នាំនេះ ពន្ធដារប្រមូលចំណូលបាន២,៥០០លានដុល្លារ ស្មើនឹង៨៧% នៃច្បាប់ថវិកាជាតិ

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណ២,៥០០លានដុល្លារ ស្មើនឹង៨៧ភាគរយ នៃផែនការច្បាប់ថវិកាជាតិ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធមួយកន្លែងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។ឯកឧត្តម គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ម៉ោងនេះ ពន្ធដារបានទទួលចំណូលប្រមាណ២,៥០០លានដុល្លារ បើប្រៀបធៀបទៅនឹងផែនការប្រចាំឆ្នាំ បានប្រមាណជា៨៧ភាគរយ ដូច្នេះ យើងនៅរយៈពេល៤ខែទៀត ដែលត្រូវប្រមូល»។

បន្ថែមពីនោះទៀត ឯកឧត្តម គង់ វិបុល បានអះអាងថា នៅក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ អាចនឹងប្រមូលចំណូលលើសផែនការ នៅក្នុងច្បាប់ថវិកាជាតិ ដែលបានកំណត់ ចំនួន២,៨០០លានដុល្លារ គឺពន្ធដារ អាចប្រមូលចំណូលរហូតដល់ជាង៣,០០០លានដុល្លារ។

ឯកឧត្តម គង់ វិបុល បានប្រាប់ថា ការកើនឡើងនេះ ដោយសារតែការកែទម្រង់ នៃផ្នែកប្រព័ន្ធពន្ធដារ លើគ្រប់វិស័យទាំងការផ្តល់សេវា ដល់អ្នកជាប់ពន្ធ, ទាំងការផ្តល់សេវាការចុះបញ្ជីបានល្អ, ទាំងការធ្វើសវនាកម្មបានល្អ ទាំងការគ្រប់គ្រងបំណុល និងដោះស្រាយបញ្ហានានា ដែលធ្វើឲ្យអ្នកជាប់ពន្ធទាំងអស់ មានភាពងាយស្រួល ក្នុងការបង់ពន្ធ។

ឯកឧត្តម គង់ វិបុល បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានបង្កើតប្រព័ន្ធ e-filing គឺជាប្រព័ន្ធមួយ ដែលធ្វើឲ្យមានប្រសិទ្ធភាពស័ក្តិសិទ្ធិភាព នៅក្នុងការប្រមូលចំណូលពន្ធ ដូច្នេះការបង់ពន្ធទៅតាម e-filing ដែលដាក់លិខិតប្រកាស តាមប្រព័ន្ធអេឡិចត្រូនិក គឺមានតម្លាភាព១០០ភាគរយ។

ទន្ទឹមគ្នានេះ ឯកឧត្តម គង់ វិបុល បានគូសបញ្ជាក់ថា ចំណូលពន្ធដារ គឺបានដើរតួនាទីសំខាន់ សម្រាប់អភិវឌ្ឍន៍ជាតិ។ លោកថា ក្នុងរយៈពេល១០កន្លងទៅនេះ ការកែទម្រង់ពន្ធដារ បានផ្ដល់លទ្ធភាពឲ្យរាជរដ្ឋាភិបាល បង្កើននូវចំណាយនានាគ្រប់វិស័យ ដើម្បីអភិវឌ្ឍកសាងជាតិ។

ឯកឧត្តម គង់ វិបុល បានលើកឡើងថា ឥឡូវនេះ ចំណូលពន្ធដារ គឺជាចំណូលមួយធំជាងគេ នៅក្នុងប្រទេសកម្ពុជា ដូច្នេះហើយរាជរដ្ឋាភិបាលមានលទ្ធភាពចំណាយ អភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំ, វិស័យសង្គម និងវិស័យការពារជាតិ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ