• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៣៩ ព្រឹក

ខេត្តចំនួន៦ នឹងត្រូវប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១

ខេត្តចំនួន ០៦បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវធ្វើការបោសសម្អាត និងប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ក្នុងទំហំផ្ទៃដីសរុបចំនួន ៤២.៥១៣.៧២៩ ម៉ែត្រក្រឡា (៤២,៥១ គីឡូម៉ែត្រក្រឡា) ស្មើនឹង ៥២០ ចម្ការមីន ដោយប្រើប្រាស់ថវិកាប្រមាណជាង ៥,៧ លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងឃុំចំនួន ០៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ ។

ការលើកឡើងនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅរដ្ឋបាលខេត្តកំពង់ចាម របស់ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងឱកាសដែល លោកទេសរដ្ឋមន្រ្តី និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីវិស័យសកម្មភាពមីននៅកម្ពុជា និងការអនុវត្តគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដើម្បីខេត្តកំពង់ចាមអស់មីន ដែលកិច្ចប្រជុំនេះ គឺជាការប្រកាសនូវយុទ្ធនាការចាប់ផ្តើមការងារបោសសម្អាតមីននៅខេត្តកំពង់ចាម។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ខេត្តកំពង់ចាម នឹងក្លាយជាខេត្តអស់មីននាចុងឆ្នាំ២០២២ដែលប្រតិបត្តិការបោសសម្អាតដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ក្នុងទំហំផ្ទៃដីមានមីន ៩៧៩.៥៨៦ ម៉ែត្រក្រឡា ស្មើនឹង ១១ ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ០៤ រួមមាន ៖ ស្រុកបាធាយ ស្រុកចម្ការលើ ស្រុកកងមាស និងស្រុកស្ទឹងត្រង់។ លោកបន្តទៀតថា ទោះបីជាវត្តមានគ្រាប់មីនដែលយើងបានដឹងនៅខេត្តកំពង់ចាម ត្រូវបានបញ្ចប់នាចុងឆ្នាំនេះក៏ដោយ ប៉ុន្តែខេត្តកំពង់ចាមនៅបន្តរងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណជាង ៦៨ គីឡូម៉ែត្រក្រឡា ដែលតម្រូវឲ្យយើងទាំងអស់ត្រូវបន្តសហការគ្នា និងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហានៅសេសសល់ទាំងនេះ និងមានប្រុងប្រយ័ត្នខ្ពស់។

ឯកឧត្ដមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់នូវទំនុកចិត្តដល់អាជ្ញាធរមីន ក្នុងការដឹកនាំ សម្របសម្រួល និងគ្រប់គ្រងនូវគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដោយផ្ទាល់ ក្នុងនោះ អាជ្ញាធរមីន បានធ្វើការសិក្សាតំបន់អាទិភាព និងវាយតម្លៃយ៉ាងច្បាស់លាស់ដោយបានផ្តោតសំខាន់លើខេត្ត ស្រុក ក្រុងណា ដែលមិនមានការគាំទ្រពីសហគមន៍ផ្តល់ជំនួយ ជាពិសេសការជ្រើសរើសប្រតិបត្តិករជាតិជាអ្នកបោសសម្អាត ដូចជា បញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម, និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ