• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥៦ ព្រឹក

ក្រសួងកិច្ចការនារី ចេញសេចក្តីប្រកាសព័ត៌មាន ថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះ «កម្មវិធីប្រកួតបវរកញ្ញា» ដែលបានបង្ហាញភាពស៊ិចស៊ី ស្រើបស្រាលហួសហេតុ

ក្រសួងកិច្ចការនារី បានចេញសេចក្តីប្រកាសព័ត៌មាន ដោយលើកឡើងថា នាពេលកន្លងទៅថ្មីៗនេះ មានការកើនឡើងគួរឱ្យព្រួយបារម្ភនៃការផ្សព្វផ្សាយតាមបណ្ដាញសារព័ត៌មាន និងបណ្តាញសង្គម ដោយបង្ហាញឈុតឆាកសម្លៀកបំពាក់មិនសមរម្យ ដែលដើរតួបង្ហាញដោយស្ត្រីខ្មែរមួយចំនួនតូច ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា ក្នុងរូបភាពស៊ិចស៊ីជ្រុលហួសហេតុ បង្ហាញលក្ខណៈស្រើបស្រាល លេចលើលេចក្រោម ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងបង្ហាញនូវគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ ប្រទេសជាតិ ដែលអាចយល់ច្រឡំលើទំនៀមទម្លាប់សម្លៀកបំពាក់ស្ត្រីខ្មែរ។
ក្រសួងកិច្ចការនារី បានសម្តែងនូវការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះសកម្មភាពបែបនេះ ដែលមិនត្រឹមតែពុំបានរួមចំណែកលើកស្ទួយវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ផ្ទុយទៅវិញ ទង្វើទាំងនោះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។

ក្រសួង សូមអំពាវនាវដោយទទូចដល់បុគ្គលដែលរៀបចំកម្មវិធីបែបនេះ សូមរក្សានូវសេចក្ដីថ្លៃថ្នូរក្នុងកម្មវិធីរបស់ខ្លួន កុំតាមចរន្តដែលជ្រុលនិយមប្រាសចាកពីវប្បធម៌ សីលធម៌ សេចក្តីថ្លៃថ្នូររបស់ជាតិខ្មែរ និងមិនគួររៀបចំកម្មវិធីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់អរិយធម៌ វប្បធម៌ជាតិ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ តាមគ្រប់រូបភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

ជាមួយគ្នានេះ ក្រសួងកិច្ចការនារី បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសាធារណជនទាំងអស់ ដែលបានសម្តែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំថាសាធារណជនទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងបន្តចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្ដីថ្លៃថ្នូរ របស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យកាន់តែល្អផូរផង់តទៅមុខទៀត៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ