• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៤ ព្រឹក

ប្រតិភូសមាជិកសភាអាមេរិក មើលឃើញពីការរីកចម្រើនហួសពីការស្មាន

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាជិកសភាអាមេរិក ដឹកនាំដោយលោកជំទាវ Carol Miller ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់អំពីការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើម្បីទទួលបានព័ត៌មាន និងស្ថានការពិតជាក់ស្តែងនៃការអភិវឌ្ឍ នៅកម្ពុជា ជាពិសេសដើម្បីជំរុញឱ្យទំនាក់ទំនង និងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីរបបខ្មែរក្រហមដែលបានកាប់ សម្លាប់ប្រជាជនកម្ពុជាអស់ជាងបីលាននាក់ ដែលក្នុងនោះនិស្សិត និងបញ្ញវន្ត ត្រូវបានសម្លាប់ចោល ហេដ្ឋារចនាសម្ព័ន្ធទាំងមូលរបស់ប្រទេសត្រូវបានបំផ្លិចបំផ្លាញ គ្មានវេជ្ជបណ្ឌិត និងគ្មានគ្រូបង្រៀន សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិឡើងវិញ។បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា ក្រោយការដួលរំលំរបបប៉ុល ពត រាជរដ្ឋាភិបាល កម្ពុជា បានចាប់ផ្តើមស្តារ និងកសាងប្រទេសជាតិពីបាតដៃទទេរឱ្យមានការរីកចម្រើន និងការអភិវឌ្ឍន៍លើ គ្រប់វិស័យនិងបានគូសបញ្ជាក់ពីដំណើរការធ្វើសេចក្តីព្រាងច្បាប់វិនិយោគរបស់កម្ពុជា ដែលជាច្បាប់ មួយមានលក្ខណៈសេរីបំផុតនៅក្នុងតំបន់អាស៊ាន ពោលគឺ៖ ទោះបីកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជាជា ប្រទេសបើកចំហរសេដ្ឋកិច្ចដោយសេរី កម្ពុជាត្រូវការគាំទ្រគ្រប់បែបយ៉ាង រួមទាំងការគាំទ្រផ្នែកធនធាន ហិរញ្ញវត្ថុ ចំណេះដឹង និងចំណេះធ្វើ ដើម្បីទាក់ទាញវិនិយោគពីបរទេស។បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ជំនួបនេះគឺជាដំណើរទស្សនកិច្ចមួយដែល អនុញ្ញាតឱ្យគណៈប្រតិភូសមាជិកសភាអាមេរិក បានឃើញដោយផ្ទាល់ភ្នែកនូវការអភិវឌ្ឍរបស់ប្រទេស កម្ពុជាលើគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច វិស័យសង្គម ជាពិសេស បានឃើញជាក់ស្ដែងនូវជីវភាពរស់ នៅសំបូរសប្បាយរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ខុសពីអ្វីដែលបានលើកឡើងដោយមតិ ជំទាស់មួយចំនួន។  

ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរអំពីសមិទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះរួមមាន៖ ការកើនឡើងអាយុសង្ឃឹមរស់ (Life Expectancy) របស់ប្រជាជនកម្ពុជារយៈពេល ១៤ឆ្នាំបន្ថែមទៀត ប្រៀបធៀបទៅនឹងរយៈពេល២០ឆ្នាំកន្លងទៅដោយសារ កម្ពុជាមានការរីកចម្រើន លើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសមធ្យោបាយ និងផ្លូវធ្វើដំណើរឆ្ពោះ ទៅកាន់មន្ទីរពេទ្យដើម្បី ស្វែងរកសេវាថែទាំ និងព្យាបាលសុខភាព រួមជាមួយនឹងបរិស្ថានរស់នៅស្អាតអាហារបរិភោគគ្រប់គ្រាន់ និងទឹកស្អាត អត្រានៃភាពក្រីក្របានថយចុះនៅក្រោម១០%មុនពេលមានវិបត្តិ កូវីដ-១៩ ការពង្រីក វិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វ័យតភ្នំពេញដើម្បីបម្រើ សេវាដឹកជញ្ជូននាំចូល នាំចេញទៅក្រៅប្រទេស។ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើការ វិនិយោគយ៉ាង ច្រើនលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗរួមមាន៖ ការសាងសង់ព្រលានយន្តហោះថ្មី ចំនួន៣តាម ស្តង់ដារអន្តរជាតិគឺអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ អាកាសយានដ្ឋានអន្តរជាតិនៅកោះកុង  ដើម្បីទទួលស្វាគមន៍ទេសចរណ៍ និងលើកកម្ពស់សេដ្ឋកិច្ច បន្ថែមទៀត។ ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំឱ្យមានការចូលរួមពី ក្រុមហ៊ុនអាមេរិកលើការបណ្ដាក់ទុនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ដោយហេតុថា កន្លងមក កម្ពុជាមិនទាន់ឃើញមានក្រុមហ៊ុនវិនិយោគរបស់សហរដ្ឋអាមេរិកមកបណ្តាក់ទុនលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឡើយទេ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែអំពីបញ្ហាទាក់ទងភាព គ្មានការរើសអើងពាក់ព័ន្ធនឹងប្រភពនៃការផ្ដល់ហិរញ្ញប្បទានលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការ គ្រប់គ្រងបំណុលបានល្អ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់ យានយន្តអគ្គិសនីឱ្យបានកាន់តែទូលំទូលាយនៅកម្ពុជាដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន តាម រយៈគម្រោងដំឡើងស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនីនៅតាមបណ្តារាជធានីខេត្តដើម្បីជំរុញលើក ទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់យានយន្តអគ្គសនីពីសំណាក់សាធារណៈ ទូទៅ និងស្វែងរកកិច្ចសហការជាមួយក្រុមហ៊ុននានា ជាពិសេសក្រុមហ៊ុនសហរដ្ឋអាមេរិក ដើម្បីជំរុញការ ដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីឱ្យបានច្រើនថែមទៀត។

ជាមួយគ្នានោះដែរ គណៈប្រតិភូ បានចាប់អារម្មណ៍លើការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងកំពង់ផែ ដែលខុសពីអ្វីដែលបានរំពឹងទុកមុន អញ្ជើញមកដល់កម្ពុជា និងបានគូសបញ្ជាក់អំពីបំណងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការល្អរវាងប្រទេសទាំងពីរ ជាពិសេសការពង្រីកពាណិជ្ជកម្ម និងការវិនិយោគលើវិស័យផ្សេងៗដូចជា៖ ហ្គាស និង ថាមពល(LPNG) និងការវិនិយោគលើវិស័យកំពង់ផែ។

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍ចំពោះក្រុមហ៊ុនធុរកិច្ចរបស់សហរដ្ឋ អាមេរិកដែលមានបំណងចង់បណ្តាក់វិនិយោគនៅកម្ពុជា ជាពិសេសវិស័យកំពង់ផែ និងវិស័យហ្គាស និងថាមពល (LPNG) ហើយកម្ពុជាបើកចំហរ និងត្រៀមខ្លួនសម្របសម្រួលក្រុមហ៊ុនធុរកិច្ចសហអាមេរិក ដែលមកវិនិយោគនៅកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ