• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៦ ល្ងាច

ក្រសួងមហាផ្ទៃ ជូនដំណឹងជាថ្មីដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ស្តីពីការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា

ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងជាថ្មីដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ស្តីពីការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ឱ្យជនបរទេស អន្តោប្រវេសន្តនៅកម្ពុជា សម្រាប់ប្រើប្រាស់ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ តាមអ្វីដែលបានទទួលស្គាល់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ។

សេចក្តីជូនដំណឹងនេះ បានធ្វឡើង ក្រោយក្រសួងមហាផ្ទៃសង្កេតឃើញថា នៅមានក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនមួយចំនួន ពុំទាន់បានជ្រួតជ្រាប និងទទួលស្គាល់តម្លៃក្នុងការ ប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា។

ក្រសួង បានបញ្ជាក់បន្ថែមថា អនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ០៥ ន.ស/៩៤ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩៤ ក្រសួងមហាផ្ទៃ បានចេញប័ណ្ណស្នាក់នៅ អចិន្ត្រៃយ៍ ជូនដល់ជនបរទេសអន្តោប្រវេសន្ត ដែលបានទទួលស្គាល់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ ដូចជា ការស្នើសុំសេវា រដ្ឋបាលសេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀតដែលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។ទន្ទឹមនេះក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីណែនាំលេខ ០១៥ សណន ចុះថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៩ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋាន ឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបរទេសអន្តោប្រវេសន្ត ដែលក្នុងសេចក្ដីណែនាំនោះ ក៏មានជម្រាបជូនអំពីតម្លៃប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលក្រសួងបាន ចេញឱ្យជនបរទេសអន្តោប្រវេសន្តផងដែរ។

នៅក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា សេចក្ដីណែនាំលេខ ០១៥ សណន ត្រូវបានផ្សព្វផ្សាយជាច្រើនលើក ប៉ុន្តែក្រសួងមហាផ្ទៃបានសង្កេតឃើញថា នៅមានក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជនមួយចំនួន ពុំទាន់បានជ្រួតជ្រាប និងទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់ប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍ នេះនៅឡើយ។

ក្រសួងមហាផ្ទៃ សូមធ្វើការជូនដំណឹងដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ដើម្បីទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោ ប្រវេសន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបង្កលក្ខណៈស្របតាមច្បាប់ជាធរមាន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ