• ច័ន្ទ ២៩ មេសា ២០២៤ ១០:៤២ ព្រឹក

ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជិត៧០០គ្រួសារបានស្ម័គ្រចិត្តរុះរើ សំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មី

ខេត្តសៀមរាប៖ យោងតាមប្រភពព័ត៌មានពីមន្ទីរព័ត៌មានខេត្តសៀមរាបបានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរចំនួនជិត៧០០គ្រួសារ ដែលបានស្ម័គ្រចិត្តរុះរើ សំណង់ខុសច្បាប់របស់ខ្លួន ចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅតាំងទីលំនៅថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់ នៅក្នុងតំបន់រមនីយដ្ឋានអង្គរចំនួន ៦៨៩គ្រួសារ ក្នុងនោះ មានចំនួន២៣៤ គ្រួសារ រស់នៅភូមិទក្សិណត្បូង និង ចំនួន ៤៥៥ គ្រួសារទៀត រស់នៅភូមិត្រពាំងសេះ បានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់របស់ខ្លួន ទៅតាំងលំនៅដ្ឋានថ្មីស្ថិតនៅតំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី តាមរយៈនៃចាប់ឆ្នោតទទួលយកដីឡូតិ៍ ក្នុងមួយឡូតិ៍មានទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ដែលផ្តល់ដោយរាជរដ្ឋាភិបាល នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ។ លោក ហាយ យុង តំណាងក្រុមការងារតម្រង់ទិស នៃក្រុមការងារវាស់វែងដីក្នុងតំបន់អង្គរ បានលើកថា គោលការណ៍ផ្ដល់ដីដំបូងដល់ប្រជាពលរដ្ឋមានចំនួនជិត ៧០០គ្រួសារនេះ ពួកគាត់បានស្ម័គ្រចិត្ដទទួលយកក្បាលដីទីតាំងថ្មី បន្ទាប់ពីបានវាស់វែងរកឃើញថា ពួកគាត់សាងសង់លំនៅឋាននៅលើដីតំបន់អង្គរគ្មានច្បាប់អនុញ្ញាត ខណៈដែលប្រជាពលរដ្ឋមួយចំនួនទៀតមិនព្រមទទួល និងមិនទាន់រកម្ចាស់ឃើញ ដោយមានតែផ្ទះ។

លោកបានបន្ដថា ការផ្ដល់ដីទីតាំងថ្មីដល់ប្រជាពលរដ្ឋជំហ៊ានដំបូងនេះ អាចនឹងចាប់ផ្ដើមរុះរើលំនៅឋានឱ្យពួកគាត់នៅចុងឆ្នាំ២០២២នេះ ដោយសារប្រជាពលរដ្ឋខ្លះជាប់មានកូនរៀន និងជួបបញ្ហាផ្សេងៗ ប៉ុន្ដែមានប្រជាពលរដ្ឋខ្លះពួកគាត់បានរុះរើមួយចំនួនហើយ ។ លោកថា អាជ្ញាធរនឹងឱ្យពួកគាត់ទៅពិនិត្យមើលក្បាលដី ក្រោយពីចាប់ឆ្នោតរួចបានចាប់ពី ៤ទៅ៥ថ្ងៃ ខណៈក្រុមការងារកំពុងឈូសឆាយរៀបចំប្លង់ដីស្របច្បាប់ ដែលទីតំាងដីថ្មីនេះ ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ព្រមទាំងមានការអភិវឌ្ឍគ្រប់វិស័យ ដូចជាសាលារៀន មន្ទីរពេទ្យ ទីវត្ដអារាម និងមានផ្លូវថ្នល់ខ្វាត់ខ្វែងផងដែរ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធាននៃក្រុមញការងារតម្រង់ទិសដើម្បីដោះស្រាយបញ្ហាសំណង់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់មួយចំនួនទៀត បានដឹកនាំកិច្ចប្រជុំមួយ នៅក្នុងសាលសន្និសីទអង្គរ របស់អាជ្ញាធរជាតិអប្សរា ជុំវិញការសាងសង់សំណង់ខុសច្បាប់នៅតំបន់រមណីយដ្ឋានអង្គរ និង ប្រកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមក្បាលដីនិងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដីនិងសំណង់ខុសច្បាប់ទាំងឡាយ នៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត ស្ថិតក្នុងតំបន់១ និងតំបន់២ ។អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល​លេខ ២៦ សសរ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ស្តីពី ការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសចំនួន ៦៨ ក្រុម មានមន្ត្រីជំនាញសរុបចំនួន ៧៨១ រូប ចុះសហការជាមួយមន្ត្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចំនួន៣៥២ រូប ដោយមានការសហការ ជាមួយមន្ត្រីមូលដ្ឋានថ្នាក់ភូមិ រដ្ឋបាលឃុំ សង្កាត់ ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ នឹងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា

ក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនិង ដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានារបស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។

យុទ្ធនាការចុះវាស់វែង ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ក្រុមការងារបច្ចេកទេសបានសម្រេចលទ្ធផល- វាស់វែងក្បាលដីបានចំនួន ២០ ០៣១ ក្បាលដី ក្នុងនោះក្បាលដីមានសំណង់ចំនួន ១២.៣១៥ ក្បាលដី , ក្បាលដីគ្មានសំណង់ចំនួន ៦ ៧៣៧ ក្បាលដី ក្នុងទំហំសរុប ៤០ ១១៨ ហិកតានៃទីតាំង ,

បំពេញសម្រង់ព័ត៌មានរបស់អ្នកសាងសង់ និងកាន់កាប់ដីបានចំនួន ១៧ ៣២២ គ្រួសារ  ក្នុងនោះប្រជាពលរដ្ឋដែលបានតាំងទីលំនៅខុសច្បាប់សរុបចំនួន ៦៨៩ គ្រួសារ ក្នុងនោះ ចំនួន ២៣៤គ្រួសារ ស្ថិតនៅភូមិទក្សិណត្បូង និង ចំនួន ៤៥៥គ្រួសារ ស្ថិតនៅភូមិត្រពាំងសេះ បានស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិធម្មជាតិរុនតាឯក និងប្រជាពលរដ្ឋដែលសាងសង់តូបលក់វត្ថុអនុស្សាវរីយ៍​​ខុសច្បាប់ ចំនួន ៤៤ តួប បានស្ម័ត្រចិត្តរុះរើ ក្នុងនោះមាន ៣៤ តួប ស្ថិតនៅ​លើ​ខឿនជុំវិញស្រះស្រង់ ភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ និង ចំនួន១០តូប ស្មើ ៧៩ ខ្ទុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ