• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៤៤ ព្រឹក

ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ កាលពីនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុ បានចុះទៅអប់រំណែនាំឱ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសង់លើទីតាំងដីកម្មសិទ្ធិឯកជន ស្ថិតក្នុងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ចំពោះការចុះណែនាំអប់រំប្រជាពលរដ្ឋនៅពេលនេះ គឺពួកគាត់មានការយល់ដឹង ដោយបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញ និងធ្វើកិច្ចសន្យាចាកចេញពីទីតាំងដោយគ្មានការតវ៉ា។ ជាមួយគ្នានេះ ពួកគាត់ក៏បានសូមទោសដល់រដ្ឋបាលខេត្តព្រះសីហនុ និងម្ចាស់ទីតាំង ចំពោះការចូលទៅទន្ទ្រានកាន់កាប់ទីតាំងដីនេះ ដោយសារចាញ់បោកក្រុមមេខ្យល់។ តាមរយៈចម្លើយសារភាពរបស់ប្រជាពលរដ្ឋទាំងនោះ បានឱ្យដឹងថា ពួកគាត់បានចូលកាន់កាប់ដីនេះទើបតែពេលថ្មីៗនេះទេ ហើយការចូលមកនេះដោយសារមានមេខ្យល់ប្រាប់គាត់ឱ្យចូលមករស់នៅទីតាំងដីនេះ ដោយអ្នកខ្លះត្រូវបង់ជាប្រាក់ប្រមាណ២០០ ទៅ៣០០ដុល្លារក្នុងដី០១ឡូត៌ទំហំ ១០ម គុណនឹង៤០ម ខណៈអ្នកខ្លះទៀតមិនតម្រូវឱ្យបង់ប្រាក់នោះទេ តែត្រូវមកសង់ខ្ទមចាំដីរៀងៗខ្លួន និងត្រូវមកចូលរួមតវ៉ាជាមួយសមត្ថកិច្ចតាមការដាក់ផែនការរបស់ក្រុមមេខ្យល់ ករណីមិនមកចូលរួមប្រឆាំងតវ៉ាទេនោះមេខ្យល់នឹងដកហូតយកដីវិញ។ប៉ុន្តែក្រោយមក បន្ទាប់ពីទទួលបានការណែនាំអប់រំពីរដ្ឋបាលខេត្តព្រះសីហនុរួចមក ពួកគាត់ចាប់ផ្តើមភ្ញាក់ខ្លួនថា បានចាញ់បោកមេខ្យល់ ហើយសុំរដ្ឋបាលខេត្ត ជាពិសេសឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដើម្បីសុំផ្តល់ក្តីអនុគ្រោះដល់ពួកគាត់ ដោយពួកគាត់នឹងចាកចេញពីទីតាំងនេះដោយគ្មានការតវ៉ាឡើយ។

គួរបញ្ជាក់ថា សំណង់មិនរៀបរយទាំងនេះ គឺភាគច្រើនចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២២ និងមានការកើនឡើងក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមក។ ហើយកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២កន្លងមកក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះអប់រំឱ្យប្រជាពលរដ្ឋទាំងនោះ រុះរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយ។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវដកខ្លួន និងចាកចេញពីទីតាំងខាងលើដោយស្ម័គ្រចិត្ត ហើយសូមកុំចាញ់បោកការអូសទាញពីក្រុមមេខ្យល់ ឱ្យចូលរួមប្រព្រឹត្តអំពើខុសច្បាប់។

រដ្ឋបាលខេត្តព្រះសីហនុ សូមបញ្ជាក់ជំហរយ៉ាងម៉ឺងម៉ាត់ថា នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត ដោយមិនលើកលែងចំពោះជនណាដែលនៅពីក្រោយខ្នងនៃអំពើញុះញង់ និងការបំផុសចលនាបង្កឱ្យមានភាពចលាចល និងអនាធិបតេយ្យសម្រាប់សង្គមជាតិឡើយ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ