• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៦ ព្រឹក

គ្រោះថ្នាក់ចរាចរណ៍កើនឡើងក្នុងឆមាស១ឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកហាក់មាននិន្នាការកើនឡើង ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងចំនួន ៣៤៨លើក ស្មើ២៨% ចំនួនអ្នកស្លាប់បានកើនឡើង ២៣៣នាក់ ស្មើនឹង៣៣% និងចំនួនអ្នករបួសបានកើនឡើងចំនួន ៤៤៣នាក់ ស្មើនឹង២៥% គិតជាមធ្យមក្នុងមួយថ្ងៃគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៩លើក បណ្តាលឱ្យស្លាប់មនុស្សចំនួន ៥នាក់ និងរបួសចំនួន ១០នាក់ ដែលភាគច្រើនបានកើតឡើងនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។សម្ដេចក្រឡាហោម ស ខេង បានឱ្យដឹងដូចនេះ ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ប្រសិនបើធ្វើការវិភាគឱ្យបានដិតដល់នោះឃើញថា រយៈពេលមួយឆមាសដូចគ្នានាឆ្នាំ២០២១ និងឆ្នាំ២០២២ មានស្ថានភាពខុសគ្នា ពោលគឺ ឆមាសទី១ ឆ្នាំ២០២១ ខណៈពេលដែលប្រទេសជាតិកំពុងប្រឈមខ្លាំងទៅនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលតម្រូវឱ្យបិទដំណើរការសកម្មភាពក្នុងភូមិសាស្ត្រមួយចំនួន ជាពិសេសនៅរាជធានីភ្នំពេញ និងតំបន់មួយចំនួនដែលមានហានិភ័យខ្ពស់។ដូច្នេះ ការធ្វើចរាចរណ៍ជាទូទៅមួយភាគធំ ត្រូវបានផ្អាកសកម្មភាព។ ផ្ទុយទៅវិញឆមាសទី១ ឆ្នាំ២០២២ អំឡុងពេលដែលកិច្ចដំណើរការលើគ្រប់វិស័យ ត្រូវបានធ្វើសកម្មភាពឡើងវិញយ៉ាងមមាញឹក ស្របពេលដែលយានយន្តមានកំណើន ប្រមាណ៣០%។ ជាក់ស្ដែងបើធៀបតួលេខគ្រោះថ្នាក់ឆមាសទី១ ឆ្នាំ២០២២ ទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ជាពេលវេលាដែលមិនទាន់មានជំងឺកូវីដ-១៩ គ្រោះថ្នាក់ចរាចរណ៍បានថយចុះ ៥៦២លើក ស្មើនឹង២៦% ចំនួនអ្នកស្លាប់បានថយចុះ ៩១នាក់ ស្មើនឹង៩% និងចំនួនអ្នករបួសបានថយចុះ ៩៩២នាក់ ស្មើនឹង៣១%។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា សរុបមកចំណុចប្រឈមទាំងឡាយដែលបានលើកឡើងខាងលើ ផ្តើមចេញពីកត្តាគួបផ្សំជាច្រើន ប៉ុន្តែកត្តាចម្បងបំផុតនោះគឺ កត្តាមនុស្សជាអ្នកប្រើប្រាស់ផ្លូវ ដែលមួយចំនួនតែងតែប្រព្រឹត្តនូវកំហុស ប្រមាថជីវិតខ្លួនឯង និងជីវិតអ្នកដទៃ មានអត្តចរិតចចេសមិនគោរពច្បាប់ គ្មានគុណធម៌ មិនយោគយល់ អធ្យាស្រ័យ ឬធ្វេសប្រហែស៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ