• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៦ ព្រឹក

រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៧០០លានដុល្លាលើពលរដ្ឋរងគ្រោះដោយសារកូវីដ

ឯកឧត្តម តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងថា រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាជាតិ ដើម្បីជួយសង្គ្រោះគ្រួសារក្រីក្រ និងងាយរងគ្រោះដោយសារកូវីដ១៩ ជាង ៧០០លានដុល្លា។
ថ្លែងក្នុងសន្និសីទសារព័ត៌មានដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងអ្នកនាំពាក្យនៃក្រសួងសង្គមកិច្ច មានប្រសាសន៍ថា ដោយសារវិបត្តិកូវីដ១៩ នៅកម្ពុជាបានអូសបន្លាយជិត២ឆ្នាំកន្លងទៅ និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទៅលើប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារការរីករាលដាលជំងឺកូវីដ១៩ ដែលមានរយៈពេល២ឆ្នាំ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់។

ឯកឧត្តម បន្តថា គិតមកដល់ពេលនេះ ក្រសួងសង្គមកិច្ចបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារប្រមាណ ៧០ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជាង ៧០០លានដុល្លា។
ឯកឧត្តម តូច ចាន់នី បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តការអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដរាបណាវិបត្តិកូវីដ១៩ នៅតែបន្តរាតត្បាត។

ឯកឧត្តម តូច ចាន់នី បន្ថែមថា ក្រៅពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ខាងលើ រាជរដ្ឋាភិបាលក៏មានជាកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព ប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋមានការឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋជួបការលំបាកជីវភាព និងគ្រួសារប្រជាពលរដ្ឋមានការស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ដែលសរុបចំនួន ១២ម៉ឺនគ្រួសារ និងចំណាយថវិកាសរុបប្រមាណជាង ៨លានដុល្លា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ