• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤៣ ល្ងាច

កម្ពុជាទទួលបានវ៉ាក់សាំងPfizer សម្រាប់ចាក់ជូនកុមារ ចំនួន៣០ម៉ឺនដូស ពីអេស្ប៉ាញ

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ។

នៅក្នុងពិធីប្រគល់ ទទួល វ៉ាក់សាំងនេះ សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សម្ដេចពិតជាមានសេចក្តីសោមនស្សក្រៃលែង ដោយកម្ពុជាទទួលអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានូវ វ៉ាក់សាំងកូវីដ-១៩ ប្រភេទហ្វស័រ (Pfizer) សម្រាប់កុមារ ចំនួន ៣០០.០០០ (ប៊ីសែន) ដូស ពីប្រជាជន និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រ អេស្ប៉ាញ ជូនដល់ប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោកស្រី គ្រីស្ទីណា អាហ្គូឡា (Cristina Aguilar) ភារធារីស្តីទីនៃស្ថានទូតព្រះរាជាណាចក្រអេស្ប៉ាញ ប្រចាំកម្ពុជា។
សម្ដេច ហ៊ុន សែន បានលើកឡើងថា តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និង ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការរៀបចំយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស ជូនដល់ប្រជាជន ជាពិសេសកុមារ ដែលជាទំពាំងស្នងឫស្សី និង ជាអនាគតនៃប្រទេសជាតិ, កម្ពុជាអាចត្រូវបានចាត់ទុកថាជាប្រទេសឈានមុខមួយ ក្នុងគ្រប់គ្រងការ- ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ។ ហើយជាលទ្ធផល, ទោះបីជារលកថ្មីនៃការឆ្លងរាលដាលនៅបន្តមានក៏ដោយ, ក៏កម្ពុជា អាចបើកដំណើរការរបស់ប្រទេសឡើងវិញលើគ្រប់វិស័យ តាំងពីខែ វិច្ឆិកា ឆ្នាំ២០២១ និង អាចរក្សាប្រក្រតីភាពនៃដំណើរការសង្គម-សេដ្ឋកិច្ច ព្រមទាំងបានស្តា និង ជំរុញកំណើនឡើងវិញ ប្រកបដោយភាពរឹងមាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
សម្ដេចតេជោ បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ សម្រេចបានតាមរយៈការចាក់វ៉ាក់សាំងដែលបានជួយបង្កើតជារនាំងការពារដ៏រឹងមាំ, ចូលរួមកាត់ផ្តាច់ការឆ្លងរាលដាល និងជាពិសេស បញ្ចៀសបាននូវការឈឺធ្ងន់ និង ការបាត់បង់អាយុជីវិត។ ជាក់ស្ដែង, កម្ពុជា មិនមានករណីស្លាប់នោះឡើយ ក្នុងរយៈពេលជិត ៤ ខែចុងក្រោយ រាប់ចាប់តាំងពីខែ មេសា ឆ្នាំ ២០២២ មកដល់ថ្ងៃនេះ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងនេះក្តី, ជំងឺកូវីដ-១៩ មិនទាន់ឃ្លាតទៅណាឆ្ងាយពីយើងនោះទេ ដូច្នេះ កម្ពុជាក៏ដូចជាសកលលោកទាំងមូល ត្រូវបន្តយកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែង ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ដោយស្មារតីបុរេសកម្ម និង ប្រុងប្រយ័ត្នខ្ពស់ ជាពិសេសការបន្ត និង ពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាជនគ្រប់រូប និង កុមារដែលមានអាយុពី ៣ ឆ្នាំឡើង ដែលនឹងបន្តដើរតួនាទីស្នូល ក្នុងការផ្តល់ការការពារដ៏រឹងមាំ និង មានប្រសិទ្ធភាពបំផុត តទល់នឹងការបំប្លែងខ្លួនថ្មីៗ និង មិនឈប់ឈរនៃជំងឺកូវីដ-១៩ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ