• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២១ ល្ងាច

ការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ

សៀមរាប៖ បើតាមប្រភពព័ត៌មានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថាៈ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធាន បានប្រកាសបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២តទៅ។យុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ក្បាលដី និងសំណង់ខុសច្បាប់ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការអញ្ជើញចូលរួមដោយរដ្ឋបាលខេត្តសៀមរាប ស្ថាប័នពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេសទាំង៣២ក្រុមមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រមាណជិត៧០០នាក់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ប្រមុខរាជរដ្ឋាភិបាល បានសម្រេចបង្កើតសមាសភាពក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងនៃអាជ្ញាធរជាតិអប្សរា ដែលមានសមាសភាពមកពីក្រសួងពាក់ព័ន្ធមួយចំនួនមាន ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ក្រសួងផែនការ អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាផង ដើម្បីអនុវត្តដោះស្រាយបញ្ហាសំណង់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរានេះ ឱ្យមានប្រសិទ្ធិភាព និងស្ថេរភាព៕

 

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ