• ពុធ ០៨ កក្កដា ២០២៦ ២១:០៧ ល្ងាច

កម្ពុជាមានកំពង់ផែច្រើនតែកំពង់ផែកម្រិតស្តង់ដារអន្តរជាតិដំបូងមុនគេគឺកំពង់ផែពហុបំណងកំពត

ភ្នំពេញ÷សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា÷នៅក្នុងការចាប់ផ្ដើមអភិវឌ្ឍន៍ដំបូងកំពង់ផែពហុបំណងកំពតមានឈ្មោះហៅថាកំពង់ផែអន្តរជាតិកំពត។ប៉ុន្តែក្រោយមករាជរដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យកែតម្រូវដាក់ឈ្មោះកំពង់ផែពហុបំណងកំពតវិញដោយសារកុំឲ្យមានការយល់ច្រឡំពីព្រោះកំពង់ផែនៅក្នុងប្រទេសកម្ពុជាពុំមែនមានតែ1នោះទេ ដែលជាកំពង់ផែអន្តរជាតិ។ប្រការនេះបានប្រែក្លាយកំពង់ផែកំពតឲ្យទៅជាកំពង់ផែអន្តរជាតិដែលមានកម្រិតស្តង់ដារអន្តរជាតិទី1មុនគេតែម្ដង។

សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី6ខែមិថុនាឆ្នាំ2024ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កំពង់ផែពហុបំណងកំពតតម្លៃ140លានដុល្លារ។

សម្ដេចធិបតីហ៊ុនម៉ាណែតបានថ្លែងបន្តថា÷កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅមិនទាន់បានឈានដល់កម្រិតស្តង់ដារអន្តរជាតិនៅឡើយទេ។ដូច្នេះក្រសួងសាធារណការនិងដឹកជញ្ជូនត្រូវរៀបចំកំពង់ផែនីមួយៗឲ្យទៅជាកម្រិតថ្នាក់ទី1B,2B ទៅតាមកម្រិតអន្តរជាតិខ្ពស់បំផុតសម្រាប់ក្រុមហ៊ុនឬកំពង់ផែឯកជនដើម្បីឲ្យកំពង់ផែទាំងនោះអាចទទួលការដឹកជញ្ជូនផ្សេងៗបាន។

បើទោះបីជាកំពង់ផែពហុបំណងកំពតនេះបានបោះទុនវិនិយោគពីវិស័យឯកជនដែលមានក្រុមហ៊ុនកំពតផតជាអង្គភាពគ្រប់គ្រងប្រតិបត្តិការអាជីវកម្មនិងទទួលបន្ទុកធ្វើទំនើបកម្មអភិវឌ្ឍន៍កំពង់ផែនេះពិតមែនក៏កំពង់ផែនេះនឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជាធ្វើឲ្យប្រសើរឡើងពាណិជ្ជកម្មនិងការផ្លាស់ប្តូរទំនិញរួមទាំងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅទូទាំងខេត្តកំពតក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិផងដែរ។

សូមបញ្ជាក់ថាកំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិថ្មីដ៏ថ្មីសន្លាងនៅក្នុងខេត្តកំពតនេះត្រូវបានបើកការដ្ឋានជាផ្លូវការជាមួយទុនវិនិយោគដ៏សន្ធឹកសន្ធាប់ដែលបានវិនិយោគដោយក្រុមហ៊ុន "កំពតឡូជីស្ទិកអេនផត"។

កំពង់ផែសមុទ្រទឹកជ្រៅនេះមានលទ្ធភាពឲ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី60,000តោនដល់100,000តោនអាចចូលសំចតបាននិងជួយសម្រួលដល់ការដឹកជញ្ជូនតាមសមុទ្រដែលទទួលបានភាពអនុគ្រោះពីធម្មជាតិដូចជា÷កំពង់ផែមានជម្រៅទឹកជ្រៅជាងគេមានកោះជារបាំងខ្យល់និងទឹករលកធំៗហើយមានទីតាំង ស្ថិតនៅជិតក្នុងការដឹកជញ្ជូនចេញចូលក្នុងប្រទេសនិងក្រៅប្រទេសឬទំនិញឆ្លងកាត់ជាដើម។

ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែមានវិសាលភាពលើផ្ទៃដីគោក207ហិកតារនិងផ្ទៃទឹក678ហិកតារក្នុងនោះដែនគោកជាកម្មសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុនកំពតផតរីឯដែនទឹកវិញជាកម្មសិទ្ធិរបស់រដ្ឋដែលរាជរដ្ឋាភិបាលបានសម្បទានអនុញ្ញាតឲ្យក្រុមហ៊ុនកំពតផតគ្រប់គ្រងថែទាំប្រើប្រាស់សម្រាប់ធ្វើជាប្រឡាយនាវាចរណ៍ឬកន្លែងនាវាចូលចេញផ្ទេរផ្ទុកទំនិញនៅកំពង់ផែ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ