• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៤ ព្រឹក

ឃាត់ខ្លួនម្ចាស់ទីតាំងបញ្ជូនទៅតុលាការ ពាក់ព័ន្ធនឹងការផលិតនិងទិញលក់ឧបករណ៍ឆក់ត្រីខុសច្បាប់

យោងតាមប្រភពព័ត៌មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក ទា  គឹម សុទ្ធ សហការជាមួយព្រះរាជអាជ្ញារង បានដឹកនាំកម្លាំងចម្រុះ ចុះអនុវត្តដីកាឆែកឆេរទីតាំងរោងសិប្បកម្មកែច្នៃ ផលិត ទិញ-លក់ ដឹកជញ្ជូន និងរក្សាទុកឧបករណ៍ឆក់ត្រីខុសច្បាប់ នៅភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ 

ប្រភពខាងលើបានអោយដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញវត្ថុតាងពាក់ព័ន្ធនឹងការផលិតនឹងទិញលក់ឧបករណ៍ឆក់ត្រី រួមមាន ត្រង់ស៊ីសស្ទឺ  ដមអេកូបំលែងភ្លើង កង់ដង់ ដុំភ្លើង គ្រឿងបង្គុំ ខ្សែលួសសម្រាប់រំដុំភ្លើង ប្រអប់ផ្គុំ (ដុំស្នួក) និងទូរស័ព្ទដៃ។ ចំណែកម្ចាស់ទីតាំងឈ្មោះ មុត វ៉ា ភេទប្រុស អាយុ ៥១ឆ្នាំ ត្រូវអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់វិធានការតាមនីតិវីធីច្បាប់។ 

ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ មុត វ៉ា រូបនេះ បានផលិត លក់ ចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ទៅតាមបណ្តាខេត្តចំនួន៦  ដូចជា ខេត្តកំពង់ធំ ពោធិសាត់ បាត់ដំបង ក្រចេះ ព្រៃវែង និងត្បូងឃ្មុំ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ