• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៥១ ព្រឹក

នៅឆ្នាំ2023កម្ពុជាទទួលស្វាគមន៍អ្នក ដំណើរតាមផ្លូវអាកាសជាង5លាននាក់

ភ្នំពេញ÷ពេញ1ឆ្នាំ2023ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសកើនឡើងគួរជាទីមោទនៈដោយមានចំនួនជាង5លាននាក់(ទ្វេទិស)កើនឡើងជាង100% បើធៀបនឹងឆ្នាំ2022។អ្នកនៅក្នុងវិស័យនេះជឿជាក់ថាកំណើននេះនឹងបន្តកើនឡើងបន្ថែមទៀតនៅក្នុងឆ្នាំ2024ហើយវិស័យទេសចរណ៍កម្ពុជាទាំងមូលនឹងវិលទៅរកស្ថានភាពដូចគ្នាឆ្នាំ2019វិញផងដែរ។

ប្រទេសកម្ពុជាកំពុងស្ថិតនៅលើគន្លងនៃការងើបឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-19ដែលនាំឲ្យវិស័យទេសចរណ៍ដែលជាវិស័យចម្បង1បានស្ទុះងើបឡើងវិញគួរឲ្យកត់សម្គាល់។

បើតាមលោកស៊ីនចាន់សិរីវត្ថាអ្កនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលបានឲ្យដឹងថាកម្ពុជាទទួលស្វាគមន៍អ្នកដំណើរជាតិនិងអន្តរជាតិតាមជើងហោះហើរចំនួនជាង5លាននាក់(ទ្វេទិស)ក្នុងឆ្នាំ2023
កើនឡើង115%បើធៀបនឹងឆ្នាំ2022ហើយចំនួនជើងហោះហើរក៏កើនឡើង77%ខណ:ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសកើនត្រឹម1%ប៉ុណ្ណោះ។

នៅក្នុងកិច្ចសម្ភាសន៍មួយលោកស៊ីនចាន់សិរីវត្ថាមានប្រសាសន៍ថា÷"ជាមធ្យមគឺកំណើននៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាសជាមធ្យមបើយើងគិតក្នុង1ខែប្រហែល10%បើគិតជាឆ្នាំ115%បើធៀប៊នឹងឆ្នាំ2022ហើយយើងសម្លឹងមើលឆ្នាំ2024ខាងមុខនេះកំណើននឹងបន្តប៉ុន្តែវាអត់លឿនដូចការរំពឹងទុកនោះទេវាឡើងប៉ុន្តែវាឡើងរៀងយឺតយើងដឹងហើយមានកត្តាខាងក្នុងនិងកត្តាខាងក្រៅប៉ះពាល់ដល់វិស័យដឹកជញ្ជូនផ្លូវអាកាស"។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានអ្នកដំណើរចេញ-ចូលច្រើនជាងគេសម្រាប់ឆ្នាំ2023បន្ទាប់មកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនិងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

លោកស៊ីនចាន់សិរីវត្ថាមានសុទិដ្ឋិនិយមថាដោយមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍នឹងនាំឲ្យចំនួនអ្នកដំណើរតាមផ្លូវអាកាសរបស់កម្ពុជានឹងបន្តមានវឌ្ឍនភាពសម្រាប់ឆ្នាំ2024នេះ។

លោកបញ្ជាក់ទៀតថា÷"សរុបទៅគឺយើងនៅតែមានវឌ្ឍនភាពអ៊ីចឹងគឺថានៅឆ្នាំ2024មានកំណើនមិនថមថយទេប៉ុន្តែវាអត់លឿនដូចការំពឹងទុក។ក្រសួងទេសចរណ៍ក៏ដូចរដ្ឋលេខាធិការដ្ឋានអាកាស
ចរស៊ីវិលគឺយើងបានធ្វើការព្យាករថានៅក្នុងចុងឆ្នាំ2024ចំនួនទេសចរវាអាចវិលត្រឡប់មកស្មើនឹងចំនួនទេសចរនៅឆ្នាំ2019វិញ"។

វិស័យទេសចរណ៍គឺជាវិស័យមួយសំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិនិងលើកកម្ពស់ជីវភាពសហគមន៍។ក្នុងឆ្នាំ2023ភ្ញៀវទេសចរចិនមកកម្ពុជាមានចំនួនជាង54នាក់ស្មើនឹង10%នៃចំនួនភ្ញៀវទេសចរអន្តរជាតិជាង5,4លាននាក់។

បន្ទាប់ពីផ្អាកក្នុងអំឡុងពេលមានវិបត្តិ កូវីដ-19សព្វថ្ងៃមានក្រុមហ៊ុនអាកាសចរណ៍តភ្ជាប់ជើងហោះហើរឡើងវិញជាមួយកម្ពុជាមានចំនួន34ក្រុមហ៊ុនខណៈឆ្នាំ2019មានក្រុមហ៊ុនអាកាសចរណ៍ប្រតិបត្តិការជើងហោះហើរនៅកម្ពុជាមានចំនួន50ក្រុមហ៊ុន៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ