• ច័ន្ទ ២៩ មេសា ២០២៤ ០២:៥៣ ព្រឹក

កម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024) នៅប្រទេសសិង្ហបុរី

បើតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថាថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024)ដែលរៀបចំនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting) ដោយមានការចូលរួមពីរដ្ឋមន្រ្តីឌីជីថលអាស៊ាន ប្រទេសទីម័រខាងកើត និងដៃគូអាស៊ាន ដែលរួមមានសាធារណរដ្ឋកូរ៉េ ចិន ជប៉ុន ឥណ្ឌាសហរដ្ឋអាម៉េរិក និងសហភាពទូរគមនាគមន៍អន្តជាតិ។

 

ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ នេះ ប្រទេសសមាជិកអាស៊ានទាំង១០បានសម្រិតសម្រាំងផលិតផលឌីជីថល សេវា និងកម្មវិធី (Digital Products, Services and Programs) ល្អៗចំនួន១២៥ មកដាក់ពាក្យប្រកួតប្រជែង។ ឆ្លងកាត់វគ្គជម្រុះជាច្រើនលើក “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” ជាបេក្ខភាពតំណាងរបស់កម្ពុជាដែលឈានដល់វគ្គផ្តាច់ព្រ័ត្រនេះ។ បន្ទាប់ពីការប្រកួតប្រជែងជាមួយបេក្ខភាពចុងក្រោយទាំងអស់ “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” បានឈ្នះមេដាយមាស លើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ឆ្នាំ២០២៤។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក.ប.ទ. និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានថ្លែងដោយមោទនភាពថា នេះជាលើកទី១ ដែលកម្ពុជាបានឈ្នះមេដាយមាសលើផ្នែកដំណោះស្រាយឌីជីថលក្នុងការផ្តល់សេវាសាធារណៈល្អបំផុតរបស់អាស៊ាន ហើយជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំបង្កើតដំណោះស្រាយឌីជីថលរបស់ ក.ប.ទ. និង គ.រ.ឌ. ដើម្បីបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ ដែលសមិទ្ធផលនេះមានការទទួលស្គាល់មិនត្រឹមតែក្នុងក្របខណ្ឌកម្ពុជាទេ តែពេលនេះ ក៏ត្រូវបានទទួលស្គាល់ថាជាដំណោះស្រាយឌីជីថលល្អបំផុតក្នុងកម្រិតអន្តរជាតិផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា ជោគជ័យនេះបង្ហាញឱ្យកាន់តែច្បាស់ថា “ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh” មិនត្រឹមតែពង្រីកវិសាលភាព

ការប្រើប្រាស់នៅក្នុងកម្ពុជាទេ ថែមទាំងអាចប្រើប្រាស់ជាថ្នាលផ្ទៀងផ្ទាត់ឯកសាររួមរបស់ប្រទេសសមាជិកអាស៊ាន ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារពាណិជ្ជកម្មនិងឯកសារផ្លូវការរបស់បណ្តាប្រទេសក្នុងតំបន់បានដោយមិនតម្រូវឱ្យមានឯកសារច្បាប់ដើម ឬការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ តាមរយៈកិច្ចខិតខំរួមគ្នានេះ ប្រទេសសមាជិកអាស៊ាននឹងសម្រេចបានគោលដៅរួមក្នុងការទាញយកសក្ដានុពលជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ហើយ ក.ប.ទ. ប្ដេជ្ញាចូលរួមយ៉ាងមុតមាំក្នុងដំណើរការនេះ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ