• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៣៣ ល្ងាច

កម្ពុជា-ឥណ្ឌូនេស៊ីប្តេជ្ញាលើកកម្ពស់ទំនាក់ទំនងសភាពាណិជ្ជកម្មនិងទំនាក់ទំនងប្រជាជននឹងប្រជាជន

ភ្នំពេញ÷ក្នុងឱកាសចូលជួបសម្ដែងការគួរសមជាមួយសម្ដេចរដ្ឋសភាធិការធិបតីឃួនសុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបណ្ឌិតសាន់តូដាម៉ូស៊ូម៉ាតូឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជាបានលើកឡើងថានៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជានឹងខិតខំលើកកម្ពស់ទំនាក់ទំនងសភាប្រទេសទាំង2ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។ជាមួយគ្នានេះលោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង2លើវិស័យពាណិជ្ជកម្មទំនាក់ទំនងប្រជាជននឹងប្រជាជនរួមនឹងវិស័យអប់រំឲ្យមានការរីកចម្រើនថែមទៀតផង។ការលើកឡើងនេះធ្វើឡើងក្នុងជំនួបនាព្រឹកថ្ងៃទី30ខែមករាឆ្នាំ2024នៅវិមានរដ្ឋសភា។

សម្តេចរដ្ឋសភាធិបតីបានស្វាគមន៍ចំពោះបេសកកម្មការទូតរបស់បណ្ឌិតសាន់តូដាម៉ូស៊ូម៉ាតូនិងបានគូសបញ្ជាក់ថារដ្ឋសភាបានត្រៀមខ្លួនជានិច្ចដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាទូតឥណ្ឌូនេស៊ីសំដៅពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំង2ឲ្យកាន់តែរឹងមាំ,ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយថែមទៀត។សម្ដេចរដ្ឋសភាធិបតីបានមានប្រសាសន៍លើកឡើងថាបេសកកម្មការទូតរបស់លោកនៅកម្ពុជាស្របពេលទំនាក់ទំនងប្រទេសទាំង2បានឈានដល់ខួបទី65ឆ្នាំនិងក្នុងពេលដែលរដ្ឋសភានិងរាជរដ្ឋាភិបាលអាណត្តិទី7បានបង្កើតឡើងក្រោយការបោះឆ្នោតដោយសេរីនិងយុត្តិធម៌កាលពីខែកក្កដាកន្លងមកនេះ។

ការបោះជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី7ជាព្រឹត្តិការប្រវត្តិសាស្ត្រដោយមានពលរដ្ឋជាង84%នៃអ្នកមានឈ្មោះបោះឆ្នោតបានចេញទៅបោះឆ្នោតហើយបានឆ្នោតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាចំនួនជាង82%ធ្វើឲ្យកម្ពុជាបានផ្ទេរការដឹកនាំពីឥស្សរជនជំនាន់មុនមកឥស្សជនក្មេងជំនាន់ក្រោយដែលមានសក្តានុពលដោយសន្តិវិធីគ្មានអំពើហិង្សាធ្វើឲ្យកម្ពុជាធានាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍទៅមុខជាលំដាប់។

សម្តេចធិបតីបានថ្លែងអំណរគុណដល់ប្រទេសឥណ្ឌូនេស៊ីដែលតែងតែជួយគាំទ្រកម្ពុជានៅគ្រប់កាល:ទេស:ចាប់ផ្តើមពីការទទួលស្គាល់ឯករាជ្យរបស់កម្ពុជាការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិក្នុងដំណើរស្វែងរកសន្តិភាពជូនកម្ពុជានិងការអភិវឌ្ឍជាតិរហូតមកទល់បច្ចុប្បន្ន។សម្តេចក៏បានលើកឡើងពីតួនាទីដ៏សំខាន់របស់ប្រទេសឥណ្ឌូនេស៊ីនៅក្នុងតំបន់អាស៊ានផងដែរ។

សម្តេចរដ្ឋសភាធិបតីឃួនសុដារីនិងលោកឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានឯកភាពរួមគ្នាពីសារ:សំខាន់នៃទំនាក់ទំនងដ៏ល្អនៃប្រទេសទាំង2ហើយថាកម្ពុជានិងឥណ្ឌូនេស៊ីមានសក្តានុពលជាច្រើនដែលអាចពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតទាំងវិស័យការទូតពាណិជ្ជកម្ម,អប់រំ,កសិកម្ម,ទេសចរណ៍ជាពិសេសទំនាក់ទំនងប្រជាជននឹងប្រជាជនដែលនឹងនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរដូចគ្នា។

គួរបញ្ជាក់ដែរថាឥណ្ឌូនេស៊ីឈរលេខរៀងទី6ក្នុងចំណោមបរទេសដែលវិនិយោគនៅកម្ពុជា។ទំហំពាណិជ្ជកម្មកម្ពុជានិងឥណ្ឌូនេស៊ីនៅឆ្នាំ2022មានចំនួនជាង948លានដុល្លារ។នៅក្នុង4ខែដំបូងនៃឆ្នាំ2023នេះទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង392លានដុល្លារអាមេរិក។ឥណ្ឌូនេស៊ីជាទីផ្សារទទួលទិញអង្ករពីកម្ពុជាផងដែរ។ក្នុងន័យនេះសម្តេចរដ្ឋសភាធិបតីបានលើកទឹកចិត្តនិងសំណូមពរ
ដល់លោកឯកអគ្គរដ្ឋទូតពិចារណាក្នុងការជួយផលិតផលកសិកម្មពីកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត។

នៅខែកុម្ភៈឆ្នាំ2024នេះប្រទេសឥណ្ឌូនេស៊ីនឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភាអាណត្តិថ្មី។ក្រោយការបង្កើតបានរដ្ឋសភាថ្មីឥណ្ឌូនេស៊ីលោកសាន់តូដាម៉ូស៊ូម៉ាតូថានឹងខិតខំជំរុញទំនាក់ទំនងសភាប្រទេសទាំង2ឲ្យមានឱ្យមានការរីកចម្រើនបន្ថែមទៀតទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគីក៏ដូចជាទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យយេនឌ័រជាដើម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ