• ច័ន្ទ ២៩ មេសា ២០២៤ ០៧:៤០ ព្រឹក

កិច្ចប្រជុំពិភាក្សាស្តីពីផែនការបោសសម្អាតមីនឆ្នាំ២០២៣ ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ផេង សំអឿន អគ្គនាយករងនៃអាជ្ញាធរជាតិព្រះវិហារទទួលបន្ទុករមណីយដ្ឋានប្រាសាទកោះកេរបានដឹកនាំប្រជុំផែនការបោសសម្អាតមីនឆ្នាំ២០២៣ និងចុះសិក្សាភូមិសាស្ត្រក្នុងរមណីយដ្ឋានប្រាសាទកោះកេរជាមួយកងកម្លាំងកំចាត់មីនមកពីមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) លោកអភិបាលរងស្រុកគូលែន លោកមេឃុំស្រយង់ លោកមេភូមិកោះកេរ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ផេង សំអឿនបានរំលឹកនូវកិច្ចការពារ និងថែរក្សាមរតកដូនតាដែលស្ថិតនៅក្នុងតំបន់ការពាររមណីយដ្ឋានប្រាសាទកោះកេរ ជាពិសេសលើកឡើងអំពីសារៈសំខាន់នៃតំបន់ស្នូលឬតំបន់ការពារទី១ ដែលត្រូវយកចិត្តទុកខ្ពស់បំផុត សម្រាប់កិច្ចការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ បន្ទាប់ពីបានពិភាក្សា និងចុះពិនិត្យនៅតាំងផ្ទាល់រួចមក ជាលទ្ធផលគឺ ក្រុមការងារ CMAC នឹងជួយរៀបចំផែនការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមទៅតាមតំបន់អាទិភាពដែលបានស្នើដោយអាជ្ញាធរជាតិព្រះវិហារនៅក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ព្រមទាំងចូលរួមជួយរៀបចំតំបន់ដែលស្នើបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមចូលទៅក្នុងផែនការថ្នាក់ជាតិសម្រាប់ឆ្នាំ២០២៣និងឆ្នាំបន្តបន្ទាប់ទៀត។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ