• ច័ន្ទ ២៩ មេសា ២០២៤ ១៣:០៨ ល្ងាច

អាជ្ញាធរមីន និងក្រសួងការបរទេសចិន ចុះអនុស្សរណៈយោគយល់ ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌។

(ភ្នំពេញ) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន និងអាជ្ញាធរមីន ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌។ ពិធីចុះអនុស្សរណៈយោគយល់នេះ ក្រសួងការបរទេសចិន តំណាងដោយ លោក MA Shengkun អគ្គនាយករង នៃនាយកដ្ឋានគ្រប់គ្រងអាវុធនៃក្រសួងការបរទេសចិន និងអាជ្ញាធរមីន តំណាងដោយ ឯកឧត្តម ស៊ុយ ជីហ៊ាង អនុប្រធានអាជ្ញាធរមីន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។ ពិធីនេះផងដែរ មានការចូលរួម ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា តំណាងក្រសួងការបរទេសកម្ពុជា ក្រសួងការពារជាតិ ទីស្តីការគណៈរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ មន្រ្តីបុគ្គលិកអាជ្ញាធរមីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា អនុស្សរណៈនៃការយោគយល់ រវាងក្រសួងការបរទេសចិន និងអាជ្ញាធរមីន នាថ្ងៃនេះ ពិតជាបានរួមចំណែក និងមានសារៈសំខាន់ណាស់សម្រាប់សកម្មភាពមីននៅកម្ពុជា ស្របតាមចក្ខុវិស័យ និងការតាំងចិត្តខ្ពស់របស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការកាត់បន្ថយហានិភ័យនានាដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅតាមសហគមន៍ សង្រ្កោះជីវិតប្រជាជន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះប្រទេសចិន ដែលបានចាត់ទុកការបង្កើនកិច្ចសហប្រតិបត្តិការ និងជំនួយបោសសម្អាតមីនមនុស្សធម៌ ជាគោលដៅកិច្ចសហប្រតិបត្តិការអាទិភាពមួយ សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខសកល។ ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ លោក MA Shengkun និងគណៈប្រតិភូ ពិតជាបានឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេស និងប្រជាជនយើងទាំងពីរ ព្រមទាំងបានថ្លែងអរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជន នៃប្រទេសចិន ដែលបានផ្តល់ទំនុកចិត្ត និងផ្តល់ការគាំទ្រទាំងថវិកា និងសម្ភារ រួមទាំងការផ្តល់ការបណ្តុះបណ្តាលជារៀងរាល់ឆ្នាំ ដែលជាវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងពិធីចុះអនុស្សារណៈនេះ ភាគីចិន បានប្រគល់នូវសម្ភារមួយចំនួន ជូនមកអាជ្ញាធរមីន ដើម្បីចាត់ចែង និងបម្រើក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា រួមមានៈ តង់ ៣០០ គ្រឿង ម៉ាស៊ីនរាវមីន ៩០ គ្រឿង សម្ភារៈដោះមីន ៩០ គ្រឿង សម្ភារៈសុវត្ថិភាពដោះមីន ៩០ កំប្លេរ កុំព្យូទ័រយួរដៃ ២០ គ្រឿង និង Tablet ២០ គ្រឿង ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ