• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤២ ព្រឹក

អាជ្ញាធរជាតិអប្សរាអំពាវនាវដល់អ្នកបើកបរយានយន្តដឹកភ្ញៀវទេសចរ ចូលរួមរក្សាសណ្ដាប់ធ្នាប់ចតយានយន្តនៅក្នុងចំណតត្រឹមត្រូវ

ខេត្តសៀមរាប៖ពេលបច្ចុប្បន្ននេះ អ្នកបើករថយន្តគ្រប់ធុន និងរ៉ឺម៉កដឹកភ្ញៀវទេសចរខ្លះមិនព្រមចូលទៅចតយានយន្តតាមការណែនាំរបស់ភ្នាក់ងារសណ្តាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរាដែលប្រចាំការនៅទីនោះឱ្យបានត្រឹមត្រូវឡើយ បែរជាទៅចតនៅតាមចិញ្ចើមផ្លូវដើម្បីចាំទទួលភ្ញៀវនិងចតខុសកន្លែងជាដើម។ បញ្ហានេះ វាមិនត្រឹមតែធ្វើឱ្យមានគំរូអាក្រក់ប៉ុណ្ណោះទេ ក៏ប៉ុន្តែ វាក៏បានធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ គ្មានរបៀបរៀបរយ ព្រមទាំងបង្កឱ្យមានភាពកកស្ទះចរាចរណ៍នៅតាមដងផ្លូវ នឹងក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ អនុប្រធានក្រុមសណ្ដាប់ធ្នាប់ប្រចាំតំបន់អង្គរ កញ្ញា នៅ ចិន្តា បានឱ្យដឹងថា បច្ចុប្បន្ន បើទោះបីជាអ្នកបើកបររថយន្ត និងរ៉ឺម៉កដឹកភ្ញៀវទេសចរជាច្រើនបានយល់ដឹង និងធ្វើតាមការណែនាំរបស់បុគ្គលិកដោយចូលចតរថយន្តនៅក្នុងចំណតបានត្រឹមត្រូវក្តី ក៏ប៉ុន្តែ អ្នកបើករថយន្តជាពិសេស គឺរ៉ឺម៉កដឹកភ្ញៀវខ្លះ នៅតែមិនព្រមសហការជាមួយអាជ្ញាធរក្នុងការជួយរក្សាសណ្ដាប់ធ្នាប់សារធារណៈនៅឡើយទេ។ ក្រុមអ្នកបើករ៉ឺម៉កខ្លះ នៅតែចតរ៉ឺម៉កនៅលើចិញ្ចើមផ្លូវដែលជាកន្លែងហាមឃាត់ ដើម្បីចាំទទួលយកភ្ញៀវដែលចេញពីទស្សនាអង្គរ និងមួយចំនួនទៀត បានចតរថយន្តឬរ៉ឺម៉កនៅចំផ្លូវចេញ-ចូលរំខានដល់គេឯងជាដើម។ កញ្ញា នៅ ចិន្តា មានប្រសាសន៍ទៀតថា បញ្ហាមួយចំនួនទៀត គឺមានអ្នកលក់អីវ៉ាន់នៅក្នុងចំណតរថយន្តខ្លះតែងតែទៅចោមរោមភ្ញៀវ និងបង្ខំឱ្យទិញសម្ភាររបស់ខ្លួន ប៉ុន្តែ នៅពេលដែលភ្ញៀវមិនទិញគឺបានប្រើពាក្យសម្តីមិនសមរម្យដាក់ភ្ញៀវថែមទៀតផង។ បញ្ហានេះ គឺជាទង្វើគ្មានសុជីវធម៌ដែលធ្វើឱ្យអ្នកទេសចរជាតិ និងអន្តរជាតិមិនសប្បាយចិត្ត។ អាជ្ញាធរជាតិអប្សរា សំណូមពរដល់ក្រុមអ្នកបើកបររយានយន្ត ឬរ៉ឺម៉កដឹកភ្ញៀវទេសចរទាំងឡាយដែលមិនទាន់បានគោរពតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវទាំងអស់ សូមមេត្តាយោគយល់ និងសហការជាមួយបុគ្គលិកដែលប្រចាំការនៅទីនោះ ធ្វើយ៉ាងណាចតយានយន្តនៅក្នុងចំណតឱ្យបានត្រឹមត្រូវនិងមានរបៀបរៀបរយ ដើម្បីរួមគ្នារក្សាសណ្ដាប់ធ្នាប់សាធារណៈឱ្យបានប្រសើរ ព្រមទាំងជាការជួយលើកតម្លៃនៃជនជាតិខ្មែរ ព្រមទាំងអង្គររបស់ខ្មែរឱ្យបានស័ក្ដិសមសម្បត្តិបេតិកភណ្ឌ ដែលល្បីល្បាញបំផុតនៅក្នុងពិភពលោកនេះផង។ ហើយសូមភ្ញៀវទេសចរជាតិទាំងអស់ ដែល បាននាំគ្រួសារមកលេងអង្គរ មាននំចំណីអាហារយកមកទទួលទាននៅតាមតំបន់ឧទ្យានអង្គរ សូមជួយរក្សាបរិស្ថានឱ្យបានស្អាត ដោយពិសាររួចហើយសូមកុំបោះសំរាម ឬក៏ថង់ប្លាស្ទិកចោលរាយប៉ាយនៅតាមទីសាធារណៈ និងឧទ្យានអង្គរ។ សូមរួមគ្នាសម្អាតបរិស្ថានដើម្បីភាពស្រស់បំព្រងនៃសម្រស់អង្គរ ព្រមទាំងមោទនភាពនៃជាតិខ្មែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ