• ច័ន្ទ ២៩ មេសា ២០២៤ ១៣:២០ ល្ងាច

ឯកឧត្តម ហេង សួរ អំពាវនាវឱ្យសមាគមរោងចក្រវិស័យកាត់ដេរ ចូលរួមប្រឡងប្រណាំងកម្មវិធី“សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និបាតលើកទី១៦របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ បានអំពាវនាវឱ្យថៅកែរោងចក្រសហគ្រាសទាំងអស់ចូលរួមប្រឡងប្រណាំងកម្មវិធីថ្នាក់ជាតិ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញកាលពីដើមអាណត្តិ។ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ “រោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរ គឺជាកម្មវត្ថុនៃការប្រឡងប្រណាំងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ។ តាមរយៈជ័យលាភីកម្រិតអេ(A) រោងចក្រសហគ្រាសនឹងទទួលបានការលើកទឹកចិត្តដូចជាការលើកលែងអធិការកិច្ចរយៈពេល១ឆ្នាំជាដើម ប៉ុន្តែបើជាប់ជ័យលាភីកម្រិត(A)៣ឆ្នាំផ្ទួនគ្នា ក៏នឹងទទួលបានការលើកលែងអធិការកិច្ចរយៈពេល៣ឆ្នាំឬ៥ឆ្នាំជាប់ៗគ្នាដែរ”។ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មានតែការបង្កើតឱ្យមានវប្បធម៌អនុលោមភាព វប្បធម៌នៃការគោរពច្បាប់ដោយស្ម័គ្រចិត្តពីគ្រប់ភាគីប៉ុណ្ណោះដែលអាចធ្វើឱ្យនិយោជក និងកម្មករនិយោជិត អាចរស់នៅជាមួយដោយសុខសាន្តដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា។ បើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ជំហានទី១នៃការប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយនេះ នឹងអនុវត្តចំពោះរោងចក្រសហគ្រាសក្នុងវិស័យកាត់ដេរវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ខណៈដែលរោងចក្រក្នុងវិស័យផ្សេងទៀតអាចចូលរួមបានតាមរយៈការស្ម័គ្រចិត្ត។ សូមបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិ ប្រឡងប្រណាំងសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយនេះ គឺជាអនុសាសន៍ទី៦របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតដែលបានដាក់ចេញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តដើម្បីសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ