• ច័ន្ទ ២៩ មេសា ២០២៤ ១០:០៩ ព្រឹក

រាជរដ្ឋាភិបាល សម្រេចអនុម័តលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំថ្មីមួយទៀត 

គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ ក្រុមហ៊ុន Solar Long PV-Tech (Cambodia) Co., Ltd. លើគម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា និងគ្រឿងបង្គុំ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ, រាជធានីភ្នំពេញ ដែលមានទុនវិនិយោគចំនួន ១២លានដុល្លារអាមេរិក និងបង្កើតការងារបានប្រមាណ ៥០០នាក់។ទីផ្សារសំខាន់សម្រាប់ផលិតផលសូឡា និងផលិផលគ្រឿងបង្គុំរបស់វា ដែលកម្ពុជានាំចេញភាគច្រើន គឺទៅកាន់សហរដ្ឋអាមេរិក ដោយមានកំណើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កាលពីខែកក្កដា កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានអនុម័តលើគម្រោងវិនិយោគបង្កើតរោងចក្រផលិតបន្ទះសូឡាថ្មីមួយផងដែរ ដែលមានតម្លៃទុនចុះបញ្ជីប្រមាន ៨៤,៥លានដុល្លារ របស់ក្រុមហ៊ុន L-Q New Energy CO., LTD. មានទីតាំងស្ថិតនៅ ខេត្តក្រចេះ និងបង្កើតការងារបានប្រមាណ ១.០០០នាក់។

កាលពីពេលថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានសម្រេចអនុញ្ញាតឱ្យបន្ទះសូឡា នាំចូលមកសហរដ្ឋអាមេរិក ពីប្រទេសកម្ពុជា ថៃ ម៉ាឡេស៊ី និងវៀតណាម ដោយគ្មានរបាំងពន្ធគយសម្រាប់រយៈពេល ២ឆ្នាំ។

យោងតាមទិន្នន័យដែលផ្តល់ដោយក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ការនាំចេញផលិតផលបន្ទះសូឡារបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក នៅឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់សរុប ២៥៦,៨៩លានដុល្លារ បានកើនឡើង ៩៣,៦៦ភាគរយ បើធៀបនឹងឆ្នាំ ២០២០ ដែលកាលនោះមានតម្លៃទឹកប្រាក់ ១៣២,៦៥លានដុល្លារ៕

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ