• ច័ន្ទ ២៩ មេសា ២០២៤ ១៣:៥០ ល្ងាច

ក្រុមហ៊ុន Ave Arup Limited ចង់សហការជាមួយកម្ពុជា សាងសង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ដូចនៅសិង្ហបុរី

ភ្នំពេញ៖តំណាងក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានបង្ហាញពីចំណាប់អារម្មណ៍ចង់សហការជាមួយកម្ពុជា ដើម្បីសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី)តាមរយៈកិច្ចពិភាក្សាការងារក្រសួងសាធារណការ និងដឹកជញ្ជូន នៅទីស្តីការក្រសួង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ នៅក្នុងជំនួបពិភាក្សានោះ តំណាងក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស  ដឹកនាំដោយ លោក Stewart Clayton នាយកប្រចាំកម្ពុជានៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា បានលើកឡើងពី គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា និងក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអ្វីដែលជា ផែនការសម្រាប់ពេលអនាគត។ តំណាងក្រុមហ៊ុន Ave Arup Limited រូបនេះបានលើកឡើងបន្តថា ជំនួបនេះផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយសម្រាប់វិស័យដឹកជញ្ជូន និងផែនការមេទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ដោយចង់សហការលើគម្រោងសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចជាប្រព័ន្ធរថភ្លើង MRT ប្រទេសសិង្ហបុរី) ហើយក៏បានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន (Public-Private Partnership) ពាក់ព័ន្ធទៅនឹងលទ្ធកម្មផងដែរ៕ ជាមួយគ្នានោះដែរ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម តូច ចាន់កុសល បានលើកឡើងដែរថាពាក់ព័ន្ធនឹងប្រព័ន្ធដឹកជញ្ជូនសារធារណៈនេះ កន្លងមកក្រសួងក៏មានការសិក្សាលើប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) និងគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញផងដែរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ