• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៥៤ ព្រឹក

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ព្រមទាំងសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ (សាខាវត្តភ្នំ ទី១ ទី៤ និងទី៥)។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកផ្តល់សេវាសុខាភិបាលជាសារវ័ន្ត ក្នុងការបម្រើសេវាថែទាំសុខភាពជូនកុមារ ប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាពិសេសក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។ ក្នុងការចុះពិនិត្យនេះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីសុខាភិបាលត្រូវរៀបចំកិច្ចប្រជុំពិភាក្សាជាបន្ទាន់ជាមួយក្រុមគ្រូពេទ្យឯកទេស ឬក្រុមគ្រូពេទ្យពាក់ព័ន្ធ ក្នុងការស្វែងរករោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្រ្គោះអាយុជីវិតអ្នកជំងឺឱ្យអស់ពីសមត្ថភាព និងលទ្ធភាព។ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំមន្រ្តីសុខាភិបាលត្រូវចូលរួមថែរក្សាសំណង់អគារ បរិក្ខារវេជ្ជសាស្រ្ត និងបន្តបណ្តុះបណ្តាលធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។ ឆ្លៀងក្នុងឱកាសនោះដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើការកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសការសហការក្នុងការទំនាក់ទំនងឱ្យបានល្អរវាងបុគ្គលិកគ្រូពេទ្យ ជាមួយបុគ្គលិកគ្រូពេទ្យ និងអាណាព្យាបាលកុមារដែលជាអ្នកជំងឺមកទទួលសេវា។ ឯកឧត្តមរដ្ឋមន្រ្តី បានគាំទ្រផែនការដែលលើកឡើងដោយ លោកប្រធានមន្ទីរពេទ្យ និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖ - បន្តកិច្ចសហប្រតិបត្តិការបច្ចេកទេស និងបង្រៀនជាមួយមន្ទីរពេទ្យកុមារនៃសាកលវិទ្យាល័យទីក្រុងហ្សុយរិក ប្រទេសស្វីស និងដៃគូបច្ចេកទេសផ្សេងទៀត - អភិវឌ្ឍន៍សេវាព្យាបាលជំងឺដុំមហារីកកុមារ - ផ្តល់ប័ណ្ណ ប.ស.ស. ដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ឱ្យបានគ្រប់ៗគ្នា - ខិតខំរក្សាឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ និងគុណភាពថែទាំព្យាបាល។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ