• ច័ន្ទ ២៩ មេសា ២០២៤ ០១:៥៥ ព្រឹក

កម្ពុជានិងវៀតណាម សហការរៀបចំសប្តាហ៍វប្បធម៌ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានបើកនូវព្រឹត្តិការណ៍ «សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា ឆ្នាំ២០២២»ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ។ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍«សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២»លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះ រៀបចំឡើងចំពេលដែលប្រទេសយើងទាំងពីរកម្ពុជា-វៀតណាម ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូត ហើយព្រឹត្តិការណ៍សម្តែងសិល្បៈចម្រុះនៅរាត្រីនេះ កើតចេញពីកិច្ចសហការគ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា។

ក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ដែលបានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការរៀបចំការសម្តែងសិល្បៈរួមគ្នានៅរាត្រីនេះ។នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហ័ង ដាវគឿង (HOÀNG ĐẠO CƯƠNG) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងតំណាង ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវកិត្តិយសជាច្រើននាក់ថែមទៀតផងដែរ។ ជាមួយគ្នានោះដែរ សាធារណជន ក៏អាចចូលរួមទស្សនាដោយសេរីនូវការរៀបចំតាំងពិព័រណ៍សម្រាប់បង្ហាញវប្បធម៌ ប្រទេស ប្រជាជន និងការអប់រំរបស់វៀតណាមក្នុងក្របខណ្ឌសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ២០២២ផងដែរ៕
លោកជំទាវបន្តថា ព្រឹត្តិការណ៍នារាត្រីនេះ អាចចាត់ទុកថា ជាទំព័រថ្មី ដែលកម្ពុជានិងវៀតណាម បានសហការរៀបចំសប្តាហ៍វប្បធម៌ដោយសេរី និងរីករាយដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា វៀតណាម បន្ទាប់ពីការពន្យារពេលដោយសារជំងឺរាតត្បាត។ ព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបាន គឺពុំអាចបំភ្លេចបាននូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជម្នះរាល់ការលំបាកនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈនយោបាយវ៉ាក់សាំងទូទាំងប្រទេស។

លោកជំទាវ ជឿជាក់ថា ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះបានផ្តល់ឱកាសដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការស្វែងយល់ ពីគ្នាទៅវិញទៅមកនិងរួមចំណែកក្នុងការនាំយកការផ្សាភ្ជាប់និងកិច្ចសហប្រតិបត្តិការមិត្តភាពនិងបងប្អូនភូមិផងរបងជាមួយរវាងប្រជាជននិងប្រជាជននៃប្រជាជាតិទាំងពីរក្នុងកម្រិតខ្ពស់មួយ ដើម្បីស្តារប្រទេសឡើងវិញពីជំងឺរាតត្បាត។ ទំនាក់ទំនងរបស់ប្រទេសយើងទាំងពីរនាពេលបច្ចុប្បន្ន ត្រូវបានចាត់ទុកថាជាកិច្ចសហប្រតិបត្តិការដៃគូគ្រប់ជ្រុងជ្រោយ ដែលស្តែងចេញយ៉ាងច្បាស់តាមរយៈការផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ មន្ត្រីជំនាញ និងក្រុមសិល្បៈនៃប្រទេសទាំងពីរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ