• ច័ន្ទ ២៩ មេសា ២០២៤ ០៣:២៤ ព្រឹក

អង្គការ APOPO និងអង្គភាព CMAC ចុះ MOU លើគម្រោងកណ្តុរហិតរកមីន និងសុនខ ក្រោមថវិកាជំនួយចំនួនជាង៣៨មឺុនដុល្លារអាម៉េរិក នឹងចាប់ផ្តើមអនុវត្តគម្រោងចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤។

ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការCMACភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Michael Raine ប្រធានអង្គការAPOPO ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង អង្គការ APOPO និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លើគម្រោងសមាហរណកម្មកណ្តុរហិតរកមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាជំនួយចំនួន៣៨៧,១៦៧ ដុល្លារអាម៉េរិក ដែលនឹងចាប់ផ្តើមអនុវត្តគម្រោងចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤។ សូមបញ្ជាក់ថា គម្រោងនេះមានផែនការបោសសម្អាតផ្ទៃដីសរុបចំនួន៩៨,០០០,០០០ ម៉ែត្រក្រឡាក្នុងខេត្តសៀមរាប ព្រះវិហារ និងខេត្តមណ្ឌលគីរី។ សូមរំលឹកថា អង្គភាពCMAC និងអង្គការAPOPO បានសហប្រតិបត្តិការជាដៃគូជាមួយគ្នាជិត១០ឆ្នាំមកហើយលើកណ្តុតហិតមីននេះ។ ក្នុងរយៈពេល១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការនេះ អង្គភាពCMAC បានធ្វើបោសសម្អាតផ្ទៃដីបានចំនួនជាង៣០០០ហិកតា និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួនប្រមាណជាង៥១.០០០គ្រាប់។ បន្ថែមពីលេីកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា​ អង្គភាពCMAC និងអង្គការAPOPO ក៏បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូដទៃទៀត តាមរយៈការបញ្ចូនសុនខហិតមីនរបស់អង្គភាពCMACទៅប្រទេសទួកគី និងបណ្តាប្រទេសនៅអាហ្វ្រិចកណ្តាលជាដេីម​ ជាពិសេសក៏បានសម្របសម្រួល​ និងគាំទ្រក្នុងការបញ្ជូនកម្លាំងជំនាញអង្គភាពCMAC ទៅបណ្តាប្រទេសទាំងអស់នោះដើម្បីផ្តល់ការហ្វឹកហ្វឺនជំនាញសុនខស្រាវជ្រាវបច្ចេកទេស ហើយក៏មានមន្រ្តីផ្នែកយុទ្ធភណ្ឌមិនទាន់ផ្ទុះបណ្តាប្រទេសទាំងនោះមកហ្វឹកហ្វឺនជំនាញបោសសម្អាតមីននៅអង្គភាពCMAC តាមរយៈអង្គការAPOPO ផងដែរ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ