• ច័ន្ទ ២៩ មេសា ២០២៤ ០៣:៤៣ ព្រឹក

រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សរសេរចំណាន អាចចំណាប់ ចាប់យកចំណេះ”

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី១០ ឆ្នាំ២០២៣ ក្រោមប្រធានបទ “សរសេរចំណាន អាចចំណាប់ ចាប់យកចំណេះ” នៅទីតាំងសួនច្បារខាងមុខសាលាបុរីកោះពេជ្រ ព្រមជាមួយវត្តមាន ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងតំណាងអ្នកឧបត្ថម្ភកម្មវិធីច្រើនរូប។ មានប្រសាសន៍ក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ គណៈកម្មការរៀបចំពិព័រណ៍សៀវភៅកម្ពុជា សិស្ស និស្សិត អ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ អង្គការជាតិ អន្តរជាតិ និងបណ្ដាក្រុមហ៊ុនទាំងអស់ដែលខិតខំលះបង់ទាំងពេលវេលា កម្លាំងកាយចិត្តចូលរួមគាំទ្រការប្រព្រឹត្តទៅនៃពិធី ពិព័រណ៍សៀវភៅថ្នាក់ជាតិលើកទី១០នេះ ឲ្យលេចចេញជារូបរាង និងរីកចម្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានរំលឹកដល់ប្រវត្តិសាស្ត្រខ្មែរតាំងពីបុរាណមក ដែលតែងតែគាំទ្រដល់ការសិក្សាស្រាវជ្រាវ តែងនិពន្ធដូចដែលមានបន្សល់ទុកលើសិលាចារឹកជាង ២០០០ផ្ទាំង និងការបន្តលើកកម្ពស់ការនិពន្ធចងក្រងនូវឯកសារអក្សរសិល្ប៍ជាច្រើនយ៉ាងសម្បូរបែបរហូតមកដល់ទសវត្សទី ៦០ ដោយសង្ឃឹមថាពិព័រណ៍សៀវភៅកម្ពុជានេះ នឹងក្លាយជាជម្រុកវប្បធម៌មួយ សម្រាប់លើកកម្ពស់ការតែងនិពន្ធ និងការអាន ក្នុងយុគសម័យថ្មី សតវត្សទី២១ គឺជាការអានដែលចេះវិភាគទស្សនអ្នកនិពន្ធ ស៊ីជម្រៅ ដើម្បីទទួលយកបំណិនវិជ្ជា និង ជាការអានដើម្បីបង្កើតអ្វីដែលថ្មី។ អំណាន គឺជាមូលដ្ឋានគ្រឹះ នៃការសិក្សា ដែលត្រូវតែបណ្ដុះតាំងពីវ័យក្មេង ជាបុព្វហេតុឲ្យក្រសួងអប់រំ យុវជន និងកីឡា រៀបចំកញ្ចប់អំណានដំបូង បានប្រមូលផ្តុំវិធីសាស្ត្រអំណាន ក៏ដូចជារៀបចំជាសៀវភៅ និងបណ្ណាល័យដែលមានសៀវភៅ ៦កម្រិត ចាប់ពីថ្នាក់ទី ៤ ដល់ថ្នាក់ទី ៦ ដើម្បីបង្រៀនកុមារឲ្យមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការអានឈានទៅចាប់យកចំណេះដឹងជាច្រើនទៀត តបតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យមានកម្មវិធីក្រៅម៉ោងសិក្សា ការបង្កើតជាក្លឹបស្វ័យសិក្សា ដើម្បីពិភាក្សាគ្នាជាក្រុម សិក្សាស្រាវជ្រាវ តែងនិពន្ធ ដើម្បីបោះពុម្ពផ្សាយចែករំលែកចំណេះដឹង និងបន្សល់ទុកស្នាដៃពីមួយជំនាន់ទៅមួយជំនាន់ ក្នុងគោលដៅអភិវឌ្ឍខ្លួនឯង និងសង្គមជាតិ ដូចពាក្យស្លោកក្នុងពិព័រណ៍ឆ្នាំនេះដែលលើកឡើងថា៖ “សរសេរចំណាន អានចំណាប់ ចាប់យកចំណេះ” ។ ពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣នេះ រៀបចំឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសួនច្បារខាងមុខសាលាបុរីកោះពេជ្យ ដែលមានស្តង់ពិព័រណ៍សៀវភៅប្រមាណ ៣០០ស្តង់ដាក់បង្ហាញសៀវភៅជាច្រើនម៉ឺនក្បាល ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ