• ច័ន្ទ ២៩ មេសា ២០២៤ ០៥:២៤ ព្រឹក

យុទ្ធនាការ១៦ថ្ងៃ បំពាក់បូពណ៌ស ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី នៅក្រុងសៀមរាប

ខេត្តសៀមរាប៖ លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញអធិបតីក្នុងពិធីយុទ្ធនាការ ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ដែលរៀបចំដោយមន្ទីរកិច្ចការនារីខេត្តសហការជាមួយក្រសួងកិច្ចការនារី រដ្ឋបាលសាលាខេត្ត មន្ទីរអប់រយុវជន និងកីឡាខេត្ត ព្រមទាំងមានការចូលរួមគាំទ្រពី អង្គការភ្លែនអន្តរជាតិ និងអង្គការមជ្ឈមណ្ឌលធនធានស្រ្តី ថ្នាក់ដឹកនាំក្រសួង-មន្ទីរកិច្ចការនារី តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមមេធាវីស្មគ្រ័ចិត្តសម្ដេចតេជោសែន អង្គការដៃគូជាតិអន្តរជាតិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ៣០៥នាក់ ស្រី ១៦៨ នាក់ផងដែរ នៅវិទ្យាល័យអង្គរ ក្រុង-ខេត្តសៀមរាប កាលពីនារសៀលថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ យុទ្ធនាការ១៦ថ្ងែ បំពាក់បូពណ៌ស បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ត្រូវបានរៀបចំឡើង ក្រោមប្រធានបទ " រួមគ្នា វិនិយោគទៅលើការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងក្មេងស្រី " ដើម្បីបង្កើនការយកចិត្តទុកដាក់របស់អ្នកពាក់ព័ន្ធ ក្នុងការចូលរួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងចូលរួមលើកកម្ពស់ឥរិយាបថវិជ្ជមាន ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីឆ្លើយតបសកម្មភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រ្តី ទាំងអស់ប្រកបដោយ បរិយាប័ន្ន ដោយមិនទុកឱ្យនរណាម្នាក់នៅឯកោ។ លោកស្រី យូ សុភា អភិបាលរងខេត្ត បានលើកឡើងថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី គឺជាយុទ្ធនាការរួមគ្នាមួយ ដែលប្រារព្ធទ្បើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី ១០ ខែធ្នូ។ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំយុទ្ធនាការនេះ ដើម្បីឱ្យប្រជាជនកម្ពុជាបានដឹងអំពីផលប៉ះពាល់ នៃអំពើហិង្សាលើស្រ្តី និងកុមារី និងការប្រយុទ្ធប្រឆាំងលើអំពើហិង្សានោះ ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈពី កាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ដែលការពារនិងលុបបំបាត់នូវរាល់ទម្រង់ នៃការរើសអើងលើស្រ្តី និងកុមារ ។ លោកស្រីមានការជឿជាក់ថាយុទ្ឋនាការ ១៦ថ្ងៃ តាមរយៈសកម្មភាពនៃការជួបជុំ និងការជិះកង់ជុំវិញក្រុងសៀមរាបនាឱកាសពេលនេះ គឺជាវិភាគទានមួយដ៏មានសារៈសំខាន់ ក្នុងការចូលរួមកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីកាត់បន្ថយរាល់ទម្រង់អំពើហិង្សាលើស្ត្រី ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ