• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥២ ព្រឹក

អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង ១,៧៨០ម៉ែត្រ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ នៃស្រុកអង្គស្នួល ខេត្តកណ្ដាល ទទួលបាននូវសមិទ្ធផល ជាផ្លូវបេតុងអាមេ ចំនួន២ខ្សែ ប្រវែង ១,៧៨០ម៉ែត្រ ក្នុងនោះ ប្រវែង៥៨០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិបុរីកម្មករ និងភូមិ ព្រៃទន្លាប់ ឃុំបែកចាន និងប្រវែង ១,២០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ នៅភូមិស្វាយជ្រំ និងភូមិអណ្តូង ឃុំបែកចាន និងភូមិត្រពាំងខ្លឹម ឃុំក្រាំងម្នាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមាសប្រសាសន៍ថា៖ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ នៅស្រុកអង្គស្នួលយើងនេះ គឺគ្មានទេ ផ្លូវបេតុង ឬកៅស៊ូ លូ និងស្ពាន ចំណែកលំនៅឋានប្រជាជន មិនសូវមាន និងមានជីវភាពខ្សត់ខ្សោយ។ ប៉ុន្តែស្រុកអង្គស្នួល បច្ចុប្បន្នមានការរីកចម្រើនលើគ្រប់វិស័យ និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ខ្វាត់ខ្វែង ប្រទាក់ក្រឡាគ្នា មានជាអាទិ៍ ផ្លូវក្រាលកៅស៊ូ, ផ្លូវបេតុង, ស្ពាន, លូ ប្រឡាយទឹក, សាលារៀន,មន្ទីរពេទ្យ,រោងចក្រឧស្សហកម្ម, រោងចក្រកាត់ដេរសំលៀកបំពាក់, មណ្ឌលសុខភាព វត្តអារាម..។ល។ ទន្ទឹមនឹងនេះ ផ្លូវបេតុងអាមេ ២ខ្សែ ប្រវែង ១,៧៨០ ម៉ែត្រ ក្នុងឃុំបែកចាន និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំបែកចាន និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ ដែលបានចូលរួមបរិច្ចាគដីធ្លី ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងស្មារតី«នៃវប្បធម៌ចែករំលែក» ជូនដល់អាជ្ញាធរ ដើម្បីសាងសង់ផ្លូវបេតុងអាមេ នៅឃុំបែកចាន និងឃុំក្រាំងម្កាក់ នេះឡើង សម្រាប់ប្រជាជនទូទៅប្រើប្រាស់ជាសាធារណៈប្រកបដោយផាសុខភាព សមធម៌ និងបរិយាប័ន្ន។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ