• ច័ន្ទ ២៩ មេសា ២០២៤ ១២:១៧ ល្ងាច

លិចទូកដកណ្ដាលទន្លេស្រែពកបាត់ខ្លួនមនុស្សម្នាក់ និងម៉ូតូ៤គ្រឿង

ទូកដចម្លង១គ្រឿងដឹកមនុស្ស និងម៉ូតូលើសទម្ងន់បានលិចនៅកណ្តាលទន្លេស្រែពក ហើយបានបាត់ខ្លួនមនុស្សម្នាក់ និងម៉ូតូចំនួន៤គ្រឿង ខណៈមនុស្សប៉ុន្មាននាក់ទៀតបានរួចផុតពីស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចចម្លងទូកដ ស្ថិតនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។
បើយោងតាមរបាយការណ៍ពីស្នងការនគរបាលខេត្តបានឲ្យដឹងថា ករណីលិចទូកដបណ្តាលមកពីទូកផ្ទុកមនុស្សលើសទម្ងន់ ទៅដល់១២នាក់ ក្នុងនោះស្រី ៦នាក់ និងម៉ូតូ៤គ្រឿង ហើយបើកបរចំកន្លែងទឹកហូរគួចខ្លាំងផងនោះ ធ្វើឲ្យទូកលិចតែម្តង។ ក្នុងហេតុការនេះបណ្តាលឲ្យបាត់ខ្លួនមនុស្សម្នាក់ ចំណែកមនុស្ស១១នាក់ទៀតត្រូវបានសមត្ថកិច្ចជួយសង្រ្គោះទាន់ពេលវេលា។

របាយការណ៍បានបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួននោះ ឈ្មោះ ជី សឿង ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ៥ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី និងលិចបាត់ម៉ូតូចំនួន៤គ្រឿង រួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន២គ្រឿង និងម៉ូតូម៉ាក វេវ ឆ្លាមចំនួន ២គ្រឿង។

ក្រោយកើតហេតុភ្លាមកម្លាំងប៉ុស្តិ៍ កម្លាំងអធិការនគរបាលស្រុកកូនមុំ និងកម្លាំងអាវុធហត្ថស្រុក បានចុះមកអន្តរាគមន៍ កំពុងស្វែងរកអ្នកដែលបានបាត់ខ្លួននោះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ