• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤៩ ព្រឹក

នគរបាលខេត្តព្រះសីហនុ បង្ក្រាបករណី ក្រុមជនប្រដាប់ អាវុធ ចាប់ឃុំឃាំងបង្ខាំងមនុស្សដោយខុសច្បាប់

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅចំណុចផ្លូវម្លប់តាប៉ាង ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ ជិះរថយន្ត ០២គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាព ចាប់បុរសជនជាតិចិន ០១នាក់ ដាក់ចូលក្នុងរថយន្ត ខណៈពេលដែលជនរងគ្រោះ កំពុងដើរនៅតាមផ្លូវ ដោយក្រុមជនសង្ស័យមានអាវុធខ្លីគ្រប់ដៃ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង០០នាទីព្រឹក ទើបមានប្រជាពលរដ្ឋបានប្រទះឃើញជនរងគ្រោះ នៅក្នុងប្រឡាយទឹក ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយដៃជាប់ខ្នោះទៅខាងក្រោយ និងមានរបួសស្នាមជាច្រើនកន្លែងនៅលើ ដៃ ជើង និងដងខ្លួន បច្ចុប្បន្នត្រូវបានបញ្ជូនទៅសម្រាកព្យាបាលមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ។ បន្ទាប់ពីទទួលបានបទបញ្ជាពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង០០នាទី ទើបចាប់ឃាត់ខ្លួនបាន ជនសង្ស័យចំនួន ០៧នាក់ (ជនជាតិចិន២ ជនជាតិខ្មែរ៥ “ស្រី១” ) ជាបន្តបន្ទាប់ ។ ជនសង្ស័យទាំង ០៧នាក់ មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ LU DONG DONG ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែន (មិនជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ SUN ZHONGHUA ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ EE0738338 មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ ប៉ិក តុលា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អង្គរក្សការពារចិន មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ៤-ឈ្មោះ នៅ ឡាយ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។ ៥-ឈ្មោះ ចត់ ហិង្សា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៦-ឈ្មោះ សុខ មិច ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៧-ឈ្មោះ ខន ដាលីន ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ វត្ថុតាងចាប់យកបានរួមមាន អាវុធខ្លី ០៣ដើម គ្រាប់កាំភ្លើងចំរុះសរុបចំនួន ៨៩គ្រាប់ ខ្នោះដៃ ០២គូរ រថយន្ត ០៣គ្រឿង ជាមធ្យោបាយជិះប្រព្រឹត្តិបទល្មើស និងសម្ភារផ្សេងៗមួយចំនួន ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី និងកំពុងបន្តធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យដែលនៅសេសសល់ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ