• ច័ន្ទ ២៩ មេសា ២០២៤ ០៧:០៧ ព្រឹក

សត្វផ្សោតវ័យ៧ឆ្នាំមួយក្បាល ស្លាប់ដោយសារឧបករណ៍ឆក់ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ សត្វផ្សោតវ័យ៧ឆ្នាំមួយក្បាល ស្លាប់ដោយសារឧបករណ៍ឆក់ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចេញប្រកាសនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា មាន​សត្វ​ផ្សោត០​១​ក្បាល វ័យ​ជំទង់​អាយុ​ប្រមាណ​៧​ឆ្នាំ ភេទ​ឈ្មោល ប្រវែង​១,៩៤​ម៉ែត្រ ទម្ងន់​៦៥​គីឡូក្រាម បាន​ស្លាប់​នៅ​ភូមិ​កោះ​ជឹម ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​។ បើតាម​ការធ្វើ​កោសល្យវិច្ច័​យរបស់​មន្ត្រី​ជំនាញនៃរ​ដ្ឋ​បាល​ជលផល និង​អង្គការ WWF សន្និដ្ឋានថា ផ្សោត​នេះ​ស្លាប់​ដោយ​ឧបករណ៍​ឆក់ ព្រោះ​មាន​ស្នាម​ជាំ​ដុំៗ​នៅ​ផ្នែក​ក្បាល និង​ដងខ្លួន​។ ចំពោះ​បញ្ហា​នេះ រដ្ឋបាល​ជលផល​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆក់​នេះ និង​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ ដល់​អ្នក​ប្រព្រឹត្តល្មើស តាមច្បាប់​ស្តីពី​ជលផល​។​ ​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២៣​នេះ​ផ្សោត​កើត​បាន​៨​ក្បាល និង​ស្លាប់​៥​ក្បាល​ក្នុងនោះ​កូន​ផ្សោត​ស្លាប់​២​ក្បាល ជំទង់​២​ក្បាល និង​ស្លាប់​ដោយ​ចាស់ជរា​១​ក្បាល​។ រដ្ឋបាល​ជលផល ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន សូម​ផ្ដល់ព័ត៌មាន​ដល់​សមត្ថកិច្ច នៅពេល​ឃើញ​មាន​អ្នក​ប្រើ​ឧបករណ៍​ឆក់​ត្រី​។ រដ្ឋបាល​ជលផល​នឹង​ផ្តល់ ជូន​នូវរ​ង្វាន់​លើកទឹកចិត្ត​។ លេខ​ទូរស័ព្ទ​ផ្ដល់ព័ត៌មាន​៖ ០៩៧ ៦៦៦ ៤៩៩៩/០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ