• ច័ន្ទ ២៩ មេសា ២០២៤ ១១:០៣ ព្រឹក

ពិធីពិសារអាហារសាមគ្គីអបអរសាទរជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ SEA Games - ASEAN Para Games 2023 នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអបអរសាទរជោគជ័យនៃការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ នៅក្នុងពិធីដ៏អធិកអធមនោះដែរ សម្តេចមហាបរវធិបតី បានមានប្រសាសន៍បញ្ជាក់អំពី, កីឡាពិតជារស់ក្នុងសន្តិភាព ហើយយើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះ បានបញ្ចប់ក៏ដោយ ។ នាឱកាសដ៏សប្បាយរីករាយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាទោះបីព្រឹត្តិការណ៍នេះ ទើបតែបានបិទបញ្ចប់កាលពីខែមិថុនា ឆ្នាំ២០២៣ ក៏ដោយក៏លទ្ធផល, ស្នាដៃ, កិត្តិយស និងកិត្យានុភាពជាតិ ដែលបានកើតចេញមក ហាក់ស្ថិតនៅថ្មីៗ ហើយនៅស្ថិតស្ថេរជានិច្ច នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប ។ សម្តេច ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលជាច្រើន ដែលគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី ១២ បានសម្រេចបាន ។ ព្រមទាំងបានកោតសរសើរបងប្អូនកីឡាករ-កីឡាការនី, សិល្បករ-សិល្បការនី, ប្អូនៗយុវជនអ្នកស្ម័គ្រចិត្ត, ក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលចូលរួមសហការយកកម្លាំងកាយចិត្ត និងពេលវេលា ញ៉ាំងឱ្យព្រឹត្តិការណ៍នេះ កាន់តែមានភាពអធិកអធម​ និងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន ។ មួយវិញទៀត, ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នេះ ក៏នឹងមិនអាចប្រព្រឹត្តឡើង បានឡើយ ប្រសិនមិនមានពហុកីឡដ្ឋានមរតកតេជោដ៏ធំស្កឹមស្កៃ និងជាប្រវត្តិសាស្ត្រ ។ ពហុកីឡដ្ឋាននេះគឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងការជួយគាំទ្រពីរដ្ឋាភិបាលចិនក្នុងការកសាងពហុកីឡដ្ឋាននេះទ្បើង សម្រាប់ការរៀបចំព្រឹត្តិការណ៍ខ្នាតយក្សដូចនេះ ផងដែរ ។ ជាចុងក្រោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ណែត បាន ធ្វើការអរគុណចំពោះកីឡាករ-កីឡាការិនីកម្ពុជា ដែលបានរួមគ្នាដណ្តើមបានមេដាយគ្រប់ប្រភេទជាច្រើនពុំធ្លាប់ធ្វើបានពីមុនមក និងចំពោះកីឡាករ-កីឡាការិនីដទៃទៀត ទោះមិនបានមេដាយក៏ដោយ តែក៏បានបង្ហាញទៅពិភពលោកនូវឆន្ទៈ និងស្មារតីកីឡាអូឡាំពិក ដែលមិនរុញរា ឬ បោះបង់ចោលការប្រកួត ។ ស្មារតីនេះត្រូវបានបង្ហាញជាពិសេស ដោយកីឡាការិនី ប៊ូ សំណាង ដែលបានរត់កាត់ភ្លៀងផ្គរ រហូតដល់គោលដៅ ទោះមកដល់ទីផ្ដាច់ព្រ័ត្រក្រោយគេក៏ដោយ ដែលការណ៍នេះត្រូវបានបណ្តាញសារព័ត៌មានអន្តរជាតិធំៗ និងបណ្តាញផ្សព្វ​ផ្សាយសង្គមនានា ធ្វើការចុះផ្សាយផងដែរ ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ