• ច័ន្ទ ២៩ មេសា ២០២៤ ១០:២៦ ព្រឹក

ក្រសួងបរិស្ថានបង្កើតកសិដ្ឋានចិញ្ចឹមសត្វ និងកសិកម្មអភិរក្សដើម្បីបង្កើតសេដ្ឋកិច្ចមូលដ្ឋាន និងបង្កើនចំណូលជូនប្រជាសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ

ដើម្បីចូលរួមចំណែកពង្រឹងសេដ្ឋកិច្ច ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមតំបន់សហគមន៍តំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេសកម្ពុជា, ក្រសួងបរិស្ថាន បានខិតខំបង្កើតមុខរបរថ្មីៗជាច្រើន ក្នុងន័យផ្លាស់ប្តូរមុខរបរចាស់របស់បងប្អូនប្រជាពលរដ្ឋខ្លះដែលចូលព្រៃកាប់ឈើ បរបាញ់សត្វ ក្នុងនោះក្រសួងកំពុងសិក្សាបង្កាត់ពូជជ្រូកឦសាន, ជ្រូកគូលែន និងជ្រូកព្រៃ ដែលជាប្រភេទជ្រូកកំពុងមានទីផ្សារ និងមានតម្លៃថ្លៃ សម្រាប់ចែកជូនដល់ប្រជាសហគមន៍ចិញ្ចឹម។ ជាក់ស្តែងក្រសួងបរិស្ថាន បានបង្កើតកសិដ្ឋានបង្កាត់ពូជជ្រូកមានឈ្មោះថា «កសិដ្ឋានចិញ្ចឹមសត្វ និងកសិកម្មអភិរក្ស» លើផ្ទៃដីជាង១ហិកតា នៅក្នុងមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន ស្ថិតនៅឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ក្នុងឱកាសចុះទស្សនកិច្ចនៅក្នុងកសិដ្ឋាន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម លាង សេង ទីប្រឹក្សាអមក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «កសិដ្ឋាននេះ ទើបនឹងបង្កើតបានជិត៤ខែប៉ុណ្ណោះ ដែលឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ មានគោលបំណងក្នុងការបង្កាត់ពូជ និងបង្រៀនពីបច្ចេកទេសចិញ្ចឹមជ្រូកគូលែន ដើម្បីពង្រីកមេពូជដល់សហគមន៍មូលដ្ឋាន និងមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន ដែលមានបំណងចិញ្ចឹមសត្វ»។លោកបានឱ្យដឹងថា សម្រាប់កសិដ្ឋាននេះ បច្ចុប្បន្ននេះ គឺមានមេពូជជ្រូក១០០ក្បាល ដោយក្នុងនោះមានជ្រូកញីចំនួន៩០ក្បាល និងជ្រូកឈ្មោលចំនួន១០ក្បាល សម្រាប់ប្រភេទជ្រូករួមមាន៖ មេពូជជ្រូកគូលែន ជ្រូកឦសាន នាំមកពីខេត្តមណ្ឌលគិរី និងមេពូជជ្រូកព្រៃ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ដែលបានដឹកនាំគណៈប្រតិភូចុះទស្សនកិច្ចទីកន្លែងកសិដ្ឋានចិញ្ចឹមជ្រូកមួយនេះ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ពូជជ្រូកទាំងនេះ មានរសជាតិឆ្ងាញ់ពិសា។ វាជាប្រភេទជ្រូកកាត់ជ្រូកព្រៃ និងជ្រូកស្រុក និងមានសារធាតុជាជ្រូកព្រៃប្រមាណ ៦០ទៅ ៧០ភាគរយ ដែលពលរដ្ឋនៅតាមតំបន់ធម្មជាតិនានា បានចិញ្ចឹម និងព្រលែងឱ្យរកស៊ីតាមធម្មជាតិក្នុងព្រៃ។

បច្ចុប្បន្នក្រសួងបរិស្ថាន បាននឹងកំពុងជំរុញប្រជាសហគមន៍តំបន់ការពារធម្មជាតិ លើការចិញ្ចឹមសត្វជាពិសេសប្រភេទពូជជ្រូកគូលែន ឬជ្រូកឦសាន ដែលជាប្រភេទកូនកាត់ជ្រូកស្រុក និងជ្រូកព្រៃ មាឌតូច តែមានឱជារស និងមានទីផ្សារ ដើម្បីបង្កើតសេដ្ឋកិច្ចនៅមូលដ្ឋានសំដៅលើកស្ទួយជីវភាពសហគមន៍ បង្កើនចំណូលជូនប្រជាពលរដ្ឋបង្កើតការងារ ដើម្បីកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និងកុំឱ្យប្រជាពលរដ្ឋពឹងតែទៅលើផលនិងអនុផលព្រៃឈើ។ សូមជម្រាបថា កន្លងមកក្រុមការងារសិក្សា និងវាយតម្លៃសម្រាប់ការអនុវត្តគម្រោងកិច្ចសហការ នៃការផ្តល់ពូជសត្វ នៃក្រសួងបរិស្ថាន ធ្លាប់បានធ្វើការសិក្សាលទ្ធភាព ក្នុងការផ្តល់ជាពូជសត្វ គោ ក្របី ពពែ ជ្រូក ជ្រូកព្រៃ ចៀម

ដើម្បីយកទៅប្រគល់ជូនបងប្អូន ប្រជាសហគមន៍មូលដ្ឋាន ដៃគូរសហការចិញ្ជឹមតាមកសិដ្ឋាន និងប្រជាពលរដ្ឋដែលមានឆន្ទះខ្ពស់ មានចិត្តចង់ចិញ្ចឹមជាលក្ខណៈគ្រួសារ និងកសិដ្ឋាន ដោយឈរលើគោលការណ៍នៃលក្ខខន្តិក ជាមួយក្រសួងបរិស្ថាន ដោយទុករយៈពេលសមស្របណាមួយ ដើម្បីប្រគល់សងត្រលប់មកក្រសួងបរិស្ថានវិញ ផ្អែកលើគោលការណ៍និរន្តរភាពនៃគម្រោង។

ដោយចាប់ពីដើមឆ្នាំ២០២១ រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានធ្លាប់បានផ្តល់ ពូជសត្វទៅតាមគោលដៅស្នើសុំមួយចំនួនលើប្រភេទសត្វដូចជា៖ ក្របី២៥៨ក្បាល, គោ ៤០២ក្បាល, គោបា ០៦ក្បាល, គោមេពូជ ៣០ក្បាល, ចៀម៥៤២ក្បាល ជ្រូក ៨០ក្បាល, ជ្រូកព្រៃ ១០០ក្បាល, បាចៀម ១ក្បាល និងពពែ ៣៨៣ក្បាល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ