• ច័ន្ទ ២៩ មេសា ២០២៤ ១៤:៤១ ល្ងាច

បិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ ក្រោយពីបង្កភាពអសកម្ម

ភ្នំពេញ៖យោងតាមប្រភពព័ត៌មានផ្សាយពីផេកផ្លូវការរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ មិ្សលមិញនេះ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០៨ ខែសីហាឆ្នាំ២០២២នេះ លោកស៊ុយ សេរិទ្ធ អភិបាល រងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយនឹងលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះបិទដេប៉ូខ្សាច់ចំនួន៤ទីតាំង នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ខណ្ឌមានជ័យ ។លោកអភិបាលរង បានឱ្យដឹងថា៖ ដោយសារទីតាំងខាងលើមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយធ្វើឱ្យដីខ្សាច់ហូរហៀរលើទ្រូងផ្លូវ ពិបាកការធ្វើ ដំណើរ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនថែមទៀត ដូចជាខូចខាតផ្លូវ ប្រព័ន្ធលូ ជាដើម។ លោកស៊ុយ សេរិទ្ធក៏បានបញ្ជាក់ផងដែរថា អាជីវកម្មទាំង៤ទីតាំងខាងលើនេះ គឺត្រូវបិទទាំងស្រុងតែម្តង មិនទុកឱ្យដេប៉ូខ្សាច់ទាំងនេះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធទៀតទេ ហើយរាល់រចនា សម្ព័ន្ធ ដែលខូចខាត ដូចជាលូ ផ្លូវ នៅលើផ្លូវជាតិលេខ២ ផ្លូវ៦០ ម៉ែត្រនិងផ្លូវ ៣០ ម៉ែត្រ ម្ចាស់ដេប៉ូខ្សាច់ខាងលើត្រូវតែកើបដីខ្សាច់ចេញពីថ្នល់និងធ្វើការជួសជុលឡើងវិញទាំងលូនិងផ្លូវ។

លោកបានបញ្ជាក់ផងដែរថាទីតាំងដេប៉ូខ្សាច់ខាងលើនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញធ្វើការណែនាំនិងធ្វើកិច្ចសន្យាជាច្រើនលើកច្រើនសារួចមកហើយ និងបានណែនាំឱ្យពួកគាត់មានម៉ាស៊ីនលាងកង់រថយន្តនិង ដឹកជញ្ជូនខ្សាច់នៅពេលយប់វិញ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ម្ចាស់អាជីវកម្ម នៅតែអនុវត្តមិនបានល្អទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ទើបរដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទអាជីវកម្មទាំង ស្រុងតែម្តង។

គួរបញ្ចាក់ថា នៅតាមបណ្តោយផ្លូវជាតិលេខ ២នេះ មានទីតាំង ដេប៉ូខ្សាច់ចំនួន៦ ដែលកំពុងធ្វើអាជីវកម្ម ខណៈ ចំនួន៤ទីតាំងត្រូវបានបិទ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ