• ច័ន្ទ ២៩ មេសា ២០២៤ ០៩:២៩ ព្រឹក

បង្ក្រាបករណីចោរ០២នាក់ ឆក់កាបូបរបស់នារីជនបរទេសម្នាក់ និងបណ្តាលឱ្យជនរងគ្រោះដួលបោកទៅលើដី នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១និង៥០នាទី ក្រោយពីបានទទួលព័ត៌មានថា នៅចំណុចផ្លូវកោះទន្យាយ ស្ថិតនៅក្រុមទី២១ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានករណី អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) មួយបានកើតឡើង បង្កឡើងដោយជនសង្ស័យ ០២នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ស បានធ្វើសកម្មភាព ឆក់កាបូបរបស់នារីជនបរទេសម្នាក់បានសម្រេច និងបណ្តាលឲ្យជនរងគ្រោះដួលបោកទៅលើដី រួចជិះគេចខ្លួនបាត់ ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ រហូតឈានដល់ការស្វែងរកជនសង្ស័យ ដែលកំពុងជិះម៉ូតូគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិសាស្រ្តស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទើបធ្វើការដេញប្រថាត់ចាប់ប្រភីងរហូតដល់ចំណុចចំការដូងប្រេង ស្ថិតនៅ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជនសង្ស័យក៏បានផ្តួលម៉ូតូចោល រួចរត់ចូលទៅក្នុងចំការដូងប្រេង ដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ចយើង ដោយមានការសហការពីកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កម្លាំងសមត្ថកិច្ចយើងបានដាក់កម្លាំងមួយចំនួនធ្វើការហ៊ុមព័ទ្ធ និងកម្លាំងមួយចំនួនទៀតធ្វើការរុករកជនសង្ស័យ រហូតដល់វេលាម៉ោង ០៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបចាប់ឃាត់ខ្លួនបានជនសង្ស័យទាំង ០២នាក់ ដែលកំពុងសង្ងំលាក់ខ្លួននៅក្នុងចំការដូងប្រេង ។ ជនសង្ស័យទាំង០២នាក់ មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ឈាង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ០៥ សង្កាត់លេខ៤ ខណ្ឌស្ទឹងមានជ័យ២ រាជធានីភ្នំពេញ ។ (ពិការដៃខាងស្តាំ ដាក់ដៃជ័រ) ២-ឈ្មោះ វ៉ាន សាវ៉ាត់ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ខណ្ឌទួលពង្រ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២៣ ពណ៌ស គ្មានផ្លាកលេខ ជាមធ្យោបាយជិះធ្វើសកម្មភាព (កែដៃហ្គ៊ែរមកខាងឆ្វេង) និងទូរស័ព្ទ ០១គ្រឿង ម៉ាក IPHONE ពណ៌ទឹកប្រាក់ ។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ