• ច័ន្ទ ២៩ មេសា ២០២៤ ០៣:០៩ ព្រឹក

កម្ពុជា សម្រេចសមិទ្ធផលធំលើការចុះ MOU នាំចេញទឹកមាត់ត្រចៀកកាំទៅប្រទេសចិន

កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសម្បុកត្រចៀកកាំ ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” នៅរសៀលថ្ងៃទី៨ ខែសីហា។

រដ្ឋមន្រ្តីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន សម្តែងការសាទរចំពោះសមិទ្ធផលដែលសម្រេចបានរវាងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center សហការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀត ដែលបានបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំ ចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។
ឯកឧត្តម បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការខិតខំប្រឹង ប្រែងរបស់ភាគីទាំងពីរ ដែលឈានមកដល់ការចុះហត្ថលេខា លើឯកសារ MOU នាពេលនេះ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទឹកមាត់ត្រចៀកកម្មកម្ពុជា កន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅផ្លូវការ។ លោកថា ឯកសារ MOU ដែលនឹងចុះហត្ថលេខានេះ នឹងជួយបើកទីផ្សារចិនដែលជាទីផ្សារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាម អនាម័យនៃអគ្គនាយកដ្ឋានគយចិន។

សូមរំលឹកថា កាលពីថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្ម បាន ទទួល ជួប ពិភាក្សា ការងារ ជា មួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជា តំណាង មជ្ឈមណ្ឌល ពាណិជ្ជកម្ម កម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian។ មជ្ឈមណ្ឌលនេះ កំពុង សហការ ជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំផែន ការ វិនិយោគ ក្នុង ការកសាង ហេដ្ឋា រចនា សម្ព័ន្ធ ប្រមូលទិញ និងកែច្នៃ សម្បុកត្រចៀកកាំនៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសចិន។
ប្រធានមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center បានលើកឡើងថាមជ្ឈមណ្ឌល គ្រោងនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជា នាពេលអនាគតដ៏ខ្លី។
យោងតាមស្ថិតិ របស់រដ្ឋបាលព្រៃឈើនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ២០២០ បានឱ្យដឹងថា នៅទូទាំងប្រទេស មាន ផ្ទះត្រចៀកកាំចំនួន ៨៧២ ផ្ទះ និងអាចផ្តល់ផលចន្លោះពី ១តោន-១,៥តោន/ខែ។ សម្បុកត្រចៀកកាំ ទើបប្រមូល មានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ ក្នុងមួយគីឡូក្រាម និងសម្បុកត្រចៀកកាំ ដែល អាច បរិភោគបាន មានតម្លៃ ចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ