• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៨ ព្រឹក

រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានប្រគល់ជូនប្រជានុរាស្ត្រ ៣គ្រួសារ រស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ផ្ទះថ្មថ្មី ៣ខ្នង ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនប្រជានុរាស្ត្រ ៣គ្រួសារ រស់នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ពិធីសម្ពោធប្រគល់-ទទួលផ្ទះខាងលើនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី ៣១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី យុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសជួបសំណេះសំណាលជាមួយម្ចាស់ផ្ទះនីមួយៗ លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ៣ខ្នង និងបានជម្រាបជូនថា ៖ «កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ កាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។ ហើយបន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់សហការី ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ ។ ជាក់ស្តែង នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រុមការងារកាកបាទក្រហមកម្ពុជា បានពិនិត្យឃើញថា មានគ្រួសារងាយរងគ្រោះបំផុតចំនួន ៣គ្រួសារ ហើយដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចសាងសង់ជូន និងប្រគល់ជូននាថ្ងៃនេះ»។ ជាមួយគ្នានេះ លោកជំទាវ ក៏បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះទាំងអស់ សូមយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ លុបបំបាត់ជម្រកសត្វមូស និងសម្រាកក្នុងមុងជានិច្ច ដើម្បីបង្ការជំងឺគ្រុនឈាម-គ្រុនចាញ់ និងសូមផឹកទឹកឆ្អិនជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ។ ទន្ទឹមនឹងនេះ ត្រូវឧស្សាហ៍ព្យាយាម ដាំដំណាំ បន្លែបង្ការជុំវិញផ្ទះ ដើម្បីជួយសម្រាលជីវភាពគ្រួសារ ហើយជាពិសេសសូមថែរក្សាផ្ទះថ្មីនេះឱ្យបានល្អ គង់វង្ស ជាទ្រព្យសម្បត្តិតរៀងទៅ។ សូមបញ្ជាក់ថា ផ្ទះទាំងបីខ្នងខាងលើនេះប្រើពេលវេលាសាងសង់អស់រយៈពេល ១ខែ ដែលត្រូវបានប្រគល់ជូន ៖ ម្ចាស់ផ្ទះទី១. លោកយាយ កែ យី អាយុ ៦៧ឆ្នាំ ជាចាស់គ្មានទីពឹង (ពិការជើងម្ខាងដោយសារមីន) នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះ១ខ្នង ទំហំ ៤ម៉ែត x ៦ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ សរុបតម្លៃចំនួន ៦.៥០០ ដុល្លារ។ ម្ចាស់ផ្ទះទី២. អ្នកស្រី ឡឹម ញ៉ឹប អាយុ ៤៧ឆ្នាំ ជាស្រ្តីមេម៉ាយក្រីក្រ មានកូន ៣នាក់ក្នុងបន្ទុក នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះ១ខ្នង ទំហំ ៦ម៉ែត x ៧ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ សរុបតម្លៃចំនួន ៧.០០០ ដុល្លារ។ ម្ចាស់ផ្ទះទី២នេះ ទទួលបានផ្ទះមានទំហំធំជាងគេ ដោយសារថា មានសមាជិកច្រើន គឺមានកូនក្នុងបន្ទុកគ្រួសារចំនួន ៣នាក់។ ម្ចាស់ផ្ទះទី៣. លោកយាយ គ្រែក ហ៊ី អាយុ ៧៥ឆ្នាំ ជាចាស់ឥតទីពឹង នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះ១ខ្នង ទំហំ ៤ម៉ែត x ៦ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ សរុបតម្លៃចំនួន ៦.៥០០ ដុល្លារ។ សូមបញ្ជាក់ថា អំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ៤កេស, ត្រីខ ៤០កំប៉ុង, ទឹកស៊ីអ៊ីវ ១២ដប, ទឹកត្រី ១២ដប, ទឹកក្រូច ២កេស, ទឹកសុទ្ធ ២កេស, សម្ភារផ្ទះបាយ១ឈុត, និងថវិកា ៥០ម៉ឺនរៀល។ បន្ទាប់ពីកម្មវិធីប្រគល់-ទទួលផ្ទះខាងលើនេះ, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងគណៈប្រតិភូកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ចាស់ឥតទីពឹងចំនួន ២០គ្រួសារ រស់នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀលផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ