• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៣ ព្រឹក

កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហការដើម្បីបង្កើនប្រសិទ្ធភាពវិស័យការងារ និងសន្តិសុខសង្គម

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គមរវាងភាគីទាំងពីរដើម្បីពង្រឹងប្រសិទ្ធភាពបន្ថែមទៀតសម្រាប់ឧត្តមប្រយោជន៍ប្រជាពលរដ្ឋក្នុងភាពជាដៃគូក្នុងនាមប្រទេសសមាជិកតំបន់អាស៊ានជាមួយគ្នា។ ភាគីទាំងពីរ បានលើកឡើងយ៉ាងដូចនេះនៅក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរ ក៏បានលើកឡើងពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចការពារសិទ្ធិពលរដ្ឋក្នុងវិស័យការងារ។ ត្រង់ចំណុចនេះ លោកជំទាវឯកអគ្គរដ្ឋទូតហ្វីលីពីន បានអរគុណរដ្ឋាភិបាលកម្ពុជាដែលបានជួយមើលថែរក្សាពលរដ្ឋហ្វីលីពីនដែលកំពុងធ្វើការនៅកម្ពុជាដោយគ្មានការរើសអើង។ ក្រៅពីនេះ វឌ្ឍនភាពនៃកិច្ចសហការលើវិស័យសន្តិសុខសង្គម ក៏ជាប្រធានបទដែលភាគីទាំងពីរបានជជែកគ្នាយ៉ាងផុលផុសផងដែរ។ ជាមួយគ្នានោះ សមភាគីទាំងពីរ បានសន្យាបន្តពង្រឹងកិច្ចសហការដែលមានស្រាប់នេះដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពលើវិស័យសន្តិសុខសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត។ ចុងបញ្ចប់នៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវទូតហ្វីលីពីន បានឯកភាពគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈបន្ថែមលើកិច្ចសហការដែលមានស្រាប់៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ