• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៥០ ព្រឹក

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានានៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន។ សមិទ្ធផលនានាដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ រួមមាន អគាររដ្ឋបាលសាលាខេត្ត, រូបសំណាកដែលកសាងឡើង សម្រាប់បង្ហាញនូវសក្ដានុពលផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ដូចជា រូបសំណាកតារែកទឹកត្នោត, រូបផ្លែត្នោត, រូបប្រើសពីរ និងរង្វង់បង្ហាញពីសក្ដានុពលវិស័យកសិកម្ម និងកសិ-ឧស្សាហ៍កម្ម នៅក្នុងខេត្តកំពង់ស្ពឺ។ ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលជាច្រើនផ្សេងទៀត នៅតាមបណ្ដាឃុំ សង្កាត់ ក្រុង ស្រុកទាំង៩ ដូចជា អគាររដ្ឋបាលសាលាស្រុក, ការិយាល័យច្រកចេញចូលតែមួយ, អគារសាលាឃុំ សង្កាត់ជាដើម។ ដោយឡែក សម្រាប់ការប្រកាសខេត្តអស់មីនវិញ រហូតមកដល់ពេលនេះ គោលដៅ «កម្ពុជាគ្មានមីនឆ្នាំ២០២៥» បាន និងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរកគោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្តទាំង១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍អបអសាទរចំពោះការសម្ពោធដាក់អោយប្រើប្រាស់នូវអគាររដ្ឋបាល និងសមិទ្ធផលដ៏ទៃទៀតរបស់ខេត្តកំពង់ស្ពឺ ព្រមទាំងការប្រកាសជាខេត្តដែលអស់មីននាថ្ងៃនេះ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គ្រាប់មីនមួយគ្រាប់ ដែលប្រតិបត្តិករបានដោះយកចេញ ស្មើនឹងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាម្នាក់។ កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោសសម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃទៀតផងដែរ ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សំណល់គ្រាប់មីននៅកម្ពុជា ជាសំណល់គ្រឿងផ្ទុះដែលពិបាកដោះយកចេញ ដោយសារកន្លែងខ្លះត្រូវបានកែច្នៃបន្ថែម កន្លែងខ្លះដាក់បង្កៃគ្រឿងផ្ទុះ កន្លែងខ្លះដាក់ដោយមានរយៈពេលយូរ និងធ្វើឱ្យខូចរូបរាងដើមជាដើម។កម្ពុជាស្គាល់គ្រាប់បែកអាម៉េរិកទម្លាក់លើទឹកដីខ្លួនមុនគេនៅឆ្នាំ១៩៦២។ ការអភិវឌ្ឍប្រកបដោយសមធម៌ ដែលគ្រប់ភាគីពាក់ព័ន្ធ និងពលរដ្ឋទទួលបានទាំងអស់គ្នា ជាគោលដៅដែលរាជរដ្ឋាភិបាលចង់បាន។ ខេត្តកំពង់ស្ពឺ ក្រោយទទួលបានសន្តិភាពបានប្រែក្លាយពីតំបន់ចម្ការមីន ទៅចម្ការដំណាំ តំបន់ឧស្សាហកម្ម សាលាហ្វឹកហ្វឺន និងស្ថាប័ននានាជាច្រើនទៀត។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ