• ច័ន្ទ ២៩ មេសា ២០២៤ ០៨:៣៣ ព្រឹក

សាខា ក.ប.ប. រាជធានីភ្នំពេញ នាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទំនិញផ្នែកម្ហូបអាហារ នៅតាមទីផ្សារ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានមន្ទីរពិសោធន៍ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មការផ្សារដេប៉ូ នាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ធ្វើការចុះត្រួតពិនិត្យទំនិញផ្នែកម្ហូបអាហារ និងដកយកសំណាកគំរូជាក់ស្តែង បានចំនួន៣០គំរូ រួមមាន៖ បន្លែ ផ្លែឈើ គ្រឿងសមុទ្រ ត្រីងៀត សាច់ក្រក ប្រហុក-ផ្អក ស្លឹកគ្រៃហាន់ ខ្ញីហាន់ សរសៃគុយទាវ មី តៅហ៊ូ ពោះគោ ជាដើម ដើម្បីយកមកវិភាគនៅក្នុងរថយន្តពិសោធន៍ចល័ត។ ក្រោយពីធ្វើការត្រួតពិនិត្យ វិភាគលើសំណាកគំរូទាំងអស់រួចមក លទ្ធផលបង្ហាញថា ពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ណាមួយមានវត្តមាននៅក្នុងគំរូទាំងអស់នោះទេ។ ជាមួយគ្នានោះ មន្រ្តីជំនាញក៏បានធ្វើការត្រួតពិនិត្យអនុលោមភាពលើផលិតផលវេចខ្ចប់ស្រាប់ ដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ជៀសវាងភាពមិនប្រក្រតីកើតឡើងជាយថាហេតុ។ ឆ្លៀតក្នុងឱកាសនោះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានអញ្ជើញអាជីវករចំនួន៤នាក់ ដែលប្រកបអាជីវកម្មក្នុងផ្សារ ដេប៉ូ ដែលតាំងលក់ផលិតផលគីមី មកស្តាប់ការធ្វើបទបង្ហាញ និងផ្សព្វផ្សាយខ្លឹមសារប្រកាសលេខ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ សូមបញ្ជាក់ថាផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមីដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួសសម្រាប់គោលបំណងផ្សេងៗនៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាង ប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ