• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៥៥ ព្រឹក

ក្រសួងការងារទទួលបានពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែក TVET» ពីវិទ្យាស្ថាន ITE ដ៏ល្បីរបស់សិង្ហបុរី

សិង្ហបុរី៖ តាមរយៈកិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ប្រកបដោយលទ្ធផលគាប់ប្រសើរនោះ វិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITE នៃប្រទេសសិង្ហបុរី បានប្រគល់ពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)» ជូនដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា។

ការប្រគល់ពានរង្វាន់នេះធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ពោលគឺក្នុងឱកាសខួបលើកទី២០នៃការផ្ដល់សេវាអប់រំបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITEES។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឡើងទទួលពានរង្វាន់នេះដោយផ្ទាល់ពីលោក ហឹង ឈាំងនី (Heng Chiang Gnee) នាយកវិទ្យាស្ថាន ITE

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះវិទ្យាស្ថាន ITE និង ITEES ដែលបានប្រគល់ពានរង្វាន់កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជាមួយវិទ្យាស្ថាន ITE និង ITEES ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

គួរជម្រាបថា វិទ្យាស្ថាន ITE បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សនៅប្រទេសមួយចំនួន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាក៏បានសហការជាមួយវិទ្យាស្ថាននេះផងដែរ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយវិទ្យាស្ថាន ITE របស់សិង្ហបុរីបានសម្រេចនូវផ្លែផ្កាគួរឱ្យកត់សម្គាល់ ពិសេសលើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ គ្រូបង្គោល TVET និងមន្ត្រីគ្រប់គ្រងនៅតាមគ្រឹះស្ថាន TVET នានារបស់កម្ពុជា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ