• ច័ន្ទ ២៩ មេសា ២០២៤ ១១:៥៧ ព្រឹក

ក្រុមហ៊ុនវ៉ាន់ណាប៊ីគ្រុបផ្នែកបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េខាងត្បូង ចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យអន្ដរជាតិស្ដីពីដើម្បីជំរុញការបណ្ដុះបណ្ដាលផ្នែកសុខាភិបាល

នៅរសៀលទី២០ ខែតុលា ឆ្នាំ២០២៣ លោក Jeon Young-cheol (ជុន យុងឈុល) ប្រធានក្រុមហ៊ុន wannabe group (វ៉ាន់ណាប៊ីគ្រុប) ដែលជាក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាដ៏ធំរបស់កូរ៉េ​ខាងត្បូង បានចុះហត្ថលេខា​លើអនុស្សារណៈយោគយល់​(MOU) រយៈពេល៥ឆ្នាំ ដើម្បីជំរុញការបណ្ដុះបណ្ដាលផ្នែកសុខាភិបាលជាមួយតំណាងសាកលវិទ្យាល័យអន្ដរជាតិនៅកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ នេត បារ៉ុម សាកលវិទ្យាធិការរងនៃសាកលវិទ្យា​ល័យអន្ដរជាតិបានបញ្ជាក់ថា កន្លងមកសាកលវិទ្យាល័យអន្ដរជាតិ បានធ្វើការសហប្រតិបត្តិការជាមួយបណ្ដា​ដៃគូបរទេសជាច្រើន ដែលក្នុងនោះភាគច្រើនជាមួយប្រទេសកូរ៉េ ក្នុងន័យផ្ដល់ចំណេះនិងជំនាញបានពេញលេញសម្រាប់និស្សិតដែលបាននិងកំពុងសិក្សាក្នុងក្រប​ខណ្ឌសាកលវិទ្យាល័យអន្ដរជាតិ សម្រាប់មុខជំនាញបច្ចេកវិទ្យា វិទ្យាសាស្រ្ដសុខាភិបាលដូចជាទន្ដសាស្រ្ដជាដើម។

ឯកឧត្តមបន្ថែមថា សម្រាប់ការចុះអនុស្សារណៈជាមួយភាគីកូរ៉េនាពេលនេះ គឺជាកិច្ចព្រមព្រៀងថ្មីបន្ថែមទៀតដើម្បីពង្រឹងនិងពង្រីកគុណភាពនៃការ​បណ្ដុះបណ្ដាលអប់រំ ដោយប្រើប្រាស់បច្ចេកវិទ្យាMetaverse។ បច្ចេកវិទ្យានេះ គឺអាចអនុញ្ញាតឱ្យយើងមានភាពងាយស្រួលក្នុងការរៀននិងបង្រៀនពីចម្ងាយ ដោយប្រើបច្ចេកវិទ្យាបម្លែង​ពិភពនិម្មិតឱ្យដូចទៅនឹងពិភពពិតដែលយើងកំពុងរស់នៅ ហើយមានគុណភាពល្អប្រសើរជាងបច្ចេកវិទ្យាមួយ​ចំនួន ដែលយើងកំពុងពេញនិយមប្រើប្រាស់នាពេលសព្វថ្ងៃ។

ដោយឡែកលោក Jeon Young-cheol (ជុន យុងឈុល) ប្រធានក្រុមហ៊ុនWannabe group បានបញ្ជាក់ថា

ពិភពលោកបច្ចុប្បន្នបានដើរដល់បដិវដ្ដន៍ឧស្សាហកម្ម ៤.០ ដែលជាសម័យកាល​នៃបច្ចេកវិទ្យាឌីជីថល ហើយបច្ចុប្បន្នេះ សម្រាប់ប្រទេសកូរ៉េ ជាពិសេសគឺក្រុមហ៊ុន Wannabe group របស់​លោក កំពុងធ្វើការយ៉ាងសកម្មជាមួយនឹងបច្ចេកវិទ្យាMetaverse ខណៈដែលប្រទេសកូរ៉េរបស់លោក កំពុងតែស្ថិតក្នុងដំណើរការយ៉ាងពេញច្រើនរហូតដល់ខ្ទង់ម៉ឺនទីតាំងក្នុងស្រុក។ ដោយឡែក លោកមើលឃើញថា សម្រាប់​កម្ពុជា ដែលជាប្រទេសកំពុងរៀបចំខ្លួនដើម្បីឈានចាប់យកបច្ចេកវិទ្យាទំនើបៗ គឺទាមទារ​ជាចាំបាច់ណាស់នូវបទពិសោធន៍ និងជំនាញគ្រប់គ្រាន់ ដើម្បីឈានចូលក្នុងសង្គមបច្ចេកវិទ្យា​បានដោយរលូន និងអាចទាញយកប្រយោជន៍យ៉ាងមហិមាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

លោកបានបញ្ជាក់ឱ្យដឹងថា Metaverse សំដៅលើពិភពលោកដែលបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យាការពិភពនិម្មិត ដើម្បីឲ្យស្រដៀងទៅនឹងពិភពពិតដែលយើងរស់នៅ។ នៅក្នុងពិភពនិម្មិតនេះ មិនត្រឹមតែមានអន្តរកម្មជាមួយមនុស្សផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសកម្មភាពប្រើប្រាស់ដោយប្រើរូបតំណាងផងដែរ ដែលអាចជួយឱ្យក្រុមហ៊ុនជុំវិញពិភពលោករីកចម្រើននាពេលអនាគត។ វាគឺជាវិស័យឧស្សាហកម្មដ៏ជោគជ័យមួយ ដែលត្រូវបានចាត់ទុកជាឧស្សាហកម្មមួយ និងជាការវិនិយោគដែលកំពុងទទួលការចាប់អារម្មណ៍ខ្ពស់។

WANNABE GROUP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016 ក្នុងគោលដៅជំរុញ "ប្រព័ន្ធសុខុមាលភាពដែលទ្រទ្រង់ដោយខ្លួនឯង" "self-sustaining welfare system"។ WANNABE GROUP មានទស្សនវិស័យជួយមនុស្សដែលមានជំនាញព័ត៌មានវិទ្យា និងបច្ចេកវិទ្យាខ្សោយក្នុងការសម្របខ្លួនឱ្យ​ទាន់ពេលវេលា និងអាចឈរជើងបានដោយរឹងមាំក្នុងយុគសម័យនៃបដិវត្តន៍ឧស្សាហកម្មទី ៤ នេះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ