• ច័ន្ទ ២៩ មេសា ២០២៤ ១៤:០២ ល្ងាច

ចិនសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យសុខាភិបាលនឹងឈានឡើងទៅដល់កម្រិតខ្ពស់

ប្រទេសចិន៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េងកាំង សាធារណរដ្ឋប្រជាមានិតចិន លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ ស៊ីតាវ ឆាវ (Xuetao CAO) រដ្ឋមន្ត្រីស្ដីទីនៃគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការគណៈកម្មាធិការសុខាភិបាលជាតិ ទីក្រុងប៉េងកាំង។ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថាបន្ទាប់ពីមានទំនាក់ទំនងការទូតពីឆ្នាំ១៩៥៨ ចំណងមិត្តភាពរវាងប្រទេសទាំងពីមានការរីកចំរើនគួរឱ្យកត់សម្គាល់ នឹងបានថ្លែងនូវអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ប្រជាជនកម្ពុជាយ៉ាងខ្លាំងក្លា ជាពិសេសក្នុងវិស័យសុខាភិបាល តាមរយៈគម្រោងជំនួយរបស់មិត្តចិនជាច្រើនត្រូវបានផ្តល់ជូនកម្ពុជា ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ការផ្តល់រថយន្តសង្គ្រោះគិលានសង្គ្រោះ ការផ្តល់គ្លីនិកចល័ត និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រជាច្រើន ជាពិសេសបានបញ្ជូនអ្នកជំនាញឯកទេសក្នុងការជួយលើផ្នែកបច្ចេកទេស ក្នុងអំឡុងពេលដែលពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា។ លោកសាស្ត្រាចារ្យ ស៊ីតាវ ឆាវ (Xuetao CAO) បានជម្រាបជូនថា ភាគីមិត្តចិនសូមកោតសរសើរក្រសួងសុខាភិបាលកម្ពុជា ចំពោះកិច្ចសហការល្អ ជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការសុខាភិបាល អាស៊ាន-ចិន នឹងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាលនឹងឈានឡើងទៅដល់កម្រិតខ្ពស់។ ជាមួយគ្នានោះ លោកសាស្ត្រាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាលកម្ពុជា និងគណៈកម្មាធិការសុខាភិបាលជាតិ នៃសាធារណរដ្ឋប្រជាមានិតចិនបានពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំតាមរយៈគម្រោងជាច្រើនមានដូចជា៖ ១)កិច្ចសហប្រតិបត្តិការទ្វេភាគី ២)កិច្ចសហប្រតិបត្តិការក្រោមជំនួយហិរញ្ញប្បទានឥតសំណងពិសេស ៣) កិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង។ ក្រសួងសុខាភិបាល បានស្នើភាគីមិត្តចិនជួយពិនិត្យ និងជម្រុញគម្រោងដែលក្រសួងសុខាភិបាលកម្ពុជា បានលើកសំណើដែលកំពុងពិចារណា ក្នុងនោះរួមមាន៖ ក- កិច្ចសហប្រតិបត្តិការទ្វេភាគី៖ ១- គម្រោងផ្គត់ផ្គង់សម្ភារបរិក្ខារវេជ្ជសាស្ត្រ ដើម្បីបង្កើតបន្ទប់វះកាត់ជំងឺបេះដូង និងសរសៃរឈាមនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ២- គម្រោងកែប្រែមន្ទីរពេទ្យហ្លួងម៉ែទៅជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក ៣- គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ៤- គម្រោងអភិវឌ្ឍន៍មណ្ឌលសុខភាពនៅតាមបណ្តាខេត្ត ខ- ហិរញ្ញប្បទានឥតសំណងពិសេស៖ ១- ការសាងសង់ និងជួសជុលមណ្ឌលសុខភាព ជាគម្រោងអាទិភាពក្នុងគ្រាអាសន្ន ២- គម្រោងសាងសង់អគារពិនិត្យព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ គ-កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ ១- បង្កើនសមត្ថភាពសហគមន៏ និងមន្ត្រីសុខាភិបាលប្រយុទ្ធនឹងជំងឺគ្រុនឈាមក្នុងខេត្តមួយចំនួន ២- គម្រោងកាត់បន្ថយការចំលងជំងឺគ្រុនឈាម តាមរយៈការអប់រំសុខភាព និងការចូលរួមរបស់សហគមន៍ក្នុងខេត្តដាច់ស្រយាល។ លោកសាស្ត្រាចារ្យ ស៊ីតាវ ឆាវ (Xuetao CAO) បាន បញ្ជាក់ជូនថា ភាគីមិត្តចិននឹងពិនិត្យលើគម្រោងដែលក្រសួងសុខាភិបាលកម្ពុជាបានលើកសំណើឱ្យបានឆាប់រហ័ស ព្រមទាំងសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាលឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ជាពិសេសគឺសំដៅលើកកម្ពស់ការអនុវត្តតាមការប្តេជ្ញាចិត្តដ៏មុតមាំរបស់មេដឺកនាំប្រទេសទាំងពីរ ក្នុងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរីកចម្រើនជាលំដាប់ស្របតាមគោលដៅ "កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ“ និងកំពុងអនុវត្ត " ផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន“។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ