• ច័ន្ទ ២៩ មេសា ២០២៤ ០៥:០២ ព្រឹក

ស្ថានភាពកម្រិតកម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើហក់ឡើងដល់​ចំណុច​ត្រៀម​លក្ខណៈប្រុងប្រយ័ត្ន

នារសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានសម្រប​សម្រួលការងារគ្រប់គ្រងធនធានទឹកប្រចាំរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺបានដឹក​នាំ​មន្ត្រី​បច្ចេកទេសក្រោមឱវាទក្រសួង ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមចុះ​ពិនិត្យ​ស្ថា​នភាព​ទឹកស្ទឹងព្រែកត្នោត។ ដោយបញ្ជាក់ថា​​ ស្ថានភាពកម្រិតកម្ពស់ទឹកតាមដងស្ទឹងព្រែកត្នោតផ្នែកខាងលើហក់ឡើងដល់​ចំណុច​ត្រៀម​លក្ខណៈប្រុងប្រយ័ត្នរួមមានស្ថានីយទំនប់តាសាល​ ទឹកស្ទឹងមានកម្ពស់ ១៩,២០ម៉ែត្រ លើ​កម្ពស់ប្រុង​ប្រយ័ត្ន​ ១៩,៥០ម៉ែត្រ ស្ថានីយពាមឃ្លី ទឹកកម្ពស់ ៦,០០ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ ស្ថានីយ​សំណង់រលាំងជ្រៃ ទឹកកម្ពស់ ៧, ៥៤ម៉ែត្រ លើកម្ពស់ប្រុងប្រយ័ត្ន ៧,៥០ម៉ែត្រ និងនៅតំបន់ ទី​ជម្រាលអាងស្ទឹងព្រែកត្នោតក៏មានបរិមាណទឹកភ្លៀងធ្លាក់ចន្លោះពី ៥០មម ទៅ ១០០ម ដែលជា​ចំណុច​ត្រូវធ្វើការត្រៀមលក្ខណៈគ្រប់គ្រងទឹកស្ទឹងឱ្យស្របតាមលក្ខណៈបច្ចេកទេស។ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការណែនាំ និងចាត់វិធានការដល់មន្ទីរ និងមន្រ្តីបច្ចេកទេស​ពាក់ព័ន្ធត្រូវ​ធ្វើការជាប្រចាំ ត្រួតពិនិត្យបិទបើកទ្វារទឹកសម្រួលចរន្តទឹក និងបន្ធូរបរិមាណធារទឹកក្នុង​ស្ទឹង​ឱ្យសមស្រប​តាម​ស្ថានភាពជាក់ស្តែងទៅនឹងបរិមាណទឹកទទួលពីផ្នែកខាងលើ ដែលបាននិង​កំពុងបើក​ទម្លាក់​មកជា​បណ្តើរៗហើយ ដើម្បីជៀសវាងប៉ះពាល់ ឬធ្លាក់ក្នុងស្ថានភាពអាសន្នអាចបង្កហានិភ័យ​គ្រោះទឹក​ជំនន់​ដល់​ផ្នែកខាងក្រោមក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ