• ច័ន្ទ ២៩ មេសា ២០២៤ ១០:៣៤ ព្រឹក

ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ បានអញ្ជើញមកដំណើរកំសាន្តនៅក្នុងខេត្តសៀមរាប

សៀមរាប៖ទេសចរកូរ៉េចំនួន៤០៣នាក់ បានមកដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប តាមជើងយន្តហោះចំនួន២ កាលពីរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ។ តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរកូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាប នាពេលនេះ មិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះទេសចរជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។ ក្រុមហ៊ុនដដែលបានបន្ថែមថា ក្រុមទេសចរណ៍នេះ មានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ មិត្តភក្តិ ចាស់ ក្មេងជាដើម។ ពួកគេបានលឺពីភាពស្រស់ស្អាតនៃធម្មជាតិ ជាពិសេសប្រាសាទបុរាណរបស់កម្ពុជាជាយូរមកហើយ សម្រាប់ដំណើរទេសចរណ៍នេះ។ ពួកគេនឹងមកទស្សនា និងស្នាក់នៅក្នុងខេត្តសៀមរាប រយៈពេល ៤ថ្ងៃ។ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ចំពោះការបដិសណ្ឋារកិច្ច ក្រុមហ៊ុន ក៏ដូចជាប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត បានសហការគ្នាយ៉ាងល្អតាមរយៈការស្វាគមន៍ តាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងរួសរាយរាក់ទាក់ និងកក់ក្ដៅ។ តាមរបាយការណ៍របស់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប សម្រាប់រយៈពេល ៧ថ្ងៃចុងក្រោយ គឺចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលានេះ ចំនួនអ្នកដំណើរមកពីបរទេសចូលមកកាន់ខេត្តសៀមរាប ក្នុងមួយថ្ងៃមានជាង ១,១០០នាក់ និងមានជើងហោះហើរមកពីបរទេសជាមធ្យម ១៣ជើង ក្នុងមួយថ្ងៃ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ