• ច័ន្ទ ២៩ មេសា ២០២៤ ១១:១០ ព្រឹក

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា៖ ការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានតម្រូវការសុំច្បាប់ជាមុននោះទេ

សៀមរាប៖ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានការតម្រូវឲ្យសុំការអនុញ្ញាតជាមុននោះទេ។ ចំពោះការថតនូវសម្លៀកបំពាក់ប្រពៃណី ការថតរូបភាពមុនអាពាហ៍ពិពាហ៍ ថត YouTube ការថតផ្សាយផ្ទាល់ជាលក្ខណៈមគ្គុទ្ទេសក៍ ការថតខ្សែភាពយន្ត ការថតចម្រៀងកាយវិការ និងការថតរូបក្នុងគោលបំណងអាជីវកម្មផ្សេងៗ ចាំបាច់ត្រូវមានការអនុញ្ញាតជាមុន។ លោកបញ្ជាក់ថា ភាពចាំបាច់នៃការតម្រូវឲ្យមានការអនុញ្ញាតជាមុន ពីព្រោះត្រូវប្រតិបត្តិនូវគោលការណ៍គតិយុត្តដែលមានជាធរមានផង និងដើម្បីឲ្យផ្នែកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរា អាចជួយកែតម្រូវ ឬផ្តល់យោបល់កែលម្អនូវខ្លឹមសារផ្សេងៗដូចជា ប្រវត្តិសាស្រ្ត ទម្រង់សិល្បៈ ឲ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងនូវមតិរិះគន់ពីសាធារណជន នៅពេលរូបភាព ឬខ្លឹមសាររឿងទាំងនោះចេញផ្សាយជាសាធារណៈ។ យោងតាមអនុក្រឹត្យលេខ២៣៤ អនក្រ.បក ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងឧស្សាហកម្មភាពយន្ត បានតម្រូវឲ្យផលិតករ សុំការអនុញ្ញាតទៅក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាមុន។ លក្ខខណ្ឌសំខាន់ក្នុងការស្នើសុំ គឺការផ្តល់អត្ថបទនិពន្ធនៃស្នាដៃដើម្បីផ្តល់លទ្ធភាពឲ្យអ្នកជំនាញពិនិត្យលើខ្លឹមសារ។ ដោយឡែក អាជ្ញាធរជាតិអប្សរាក៏បានផ្សព្វផ្សាយអំពីគោលការណ៍ នៃការប្រើប្រាស់រូបភាពអង្គរតាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចសង្គម ព្រមទាំងថែរក្សា ការពារ លើកតម្កើង និងអភិវឌ្ឍន៍វប្បធម៌ជាតិ ជាពិសេសបញ្ចៀសនូវផលប៉ះពាល់ខ្លាំង ដល់តម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ។ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបន្ថែមថា សម្រាប់យើងជាខ្មែរ អត្ថន័យរបស់អង្គរពិតជាធំធេងណាស់ លើសពីអាយុជីវិតទៅទៀត ពីព្រោះអង្គរជាដួងព្រលឹងនិងវប្បធម៌ជាតិ។ ដូច្នេះប្រសិនបើមានការប្រើប្រាស់រូបភាពអង្គរមិនត្រឹមត្រូវ ឬក៏ការប្រព្រឹត្តនូវកាយវិការមិនស្របណាមួយ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃនៃរមណីយដ្ឋានអង្គរ នោះសាធារណជនពិតជាមិនអាចទទួលយកបាននោះទេ។ ក្នុងន័យដើម្បីបញ្ចៀសឲ្យបាននូវកំហុសឆ្គងអចេតនាណាមួយ ដែលបណ្តាលមកពីការប្រើប្រាស់រូបភាពអង្គរ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានភាពចាំបាច់ត្រូវការត្រួតពិនិត្យជាមុន នូវគោលបំណងនៃការប្រើប្រាស់រូបភាពអង្គរជាសាធារណៈទាំងអស់។ ដូច្នេះសូមសាធារណជន ជាលក្ខណៈក្រុមហ៊ុនឬឯកជន ដែលជាម្ចាស់ផលិតកម្ម ឬអាជីវកម្មនានា យោគយល់និងចូលរួមប្រតិបត្តិស្របតាមគោលការណ៍ច្បាប់ដែលមានជាធរមាន។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរានឹងធ្វើការកែសម្រួលអំពី យន្តការពាក់ព័ន្ធនឹងការកាត់បន្ថយពេលវេលានៃការស្នើសុំ កាត់បន្ថយដំណើរការនីតិវិធីស្នើសុំ ដើម្បីធ្វើយ៉ាងណាឲ្យសាធារណជនមានការងាយស្រួល និងបង្កើនប្រសិទ្ធភាពការងារបានកាន់តែងាយស្រួលនិងរលូនជាងមុន។ អាជ្ញាធរជាតិអប្សរា ក៏នឹងរៀបចំឲ្យមាន Call Center និងបង្កើតប្រព័ន្ធស្នើសុំ Online ដើម្បីសាធារណជនអាចស្នើសុំតាមប្រព័ន្ធបច្ចេកវិទ្យាបានយ៉ាងឆាប់រហ័ស និងចំណេញពេលវេលា៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ