• ច័ន្ទ ២៩ មេសា ២០២៤ ០៤:៤២ ព្រឹក

អាជ្ញាធរជាតិអប្សរាកំពុងគ្រប់គ្រង និងបញ្ជៀសទឹកបានដោយមិនឱ្យជន់លិចតំបន់ប្រាសាទ

នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកខ្លាំងដើម្បីគ្រប់គ្រង និងបញ្ជៀសទឹកដែលកំពុងហូរពីផ្នែកខាងលើ មកដល់តំបន់រមណីយដ្ឋានអង្គរ។ លោក ភឿន សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៤ ខែតុលានេះ ស្ថានភាពទឹកនៅតំបន់រមណីយដ្ឋានអង្គរកំពុងហក់ឡើងខ្លាំង។ ដើម្បីបង្ការបញ្ហាជន់លិចតំបន់ប្រាសាទ តាមការណែនាំរបស់អគ្គនាយកអាជ្ញាធរជាតិអប្សរា បានឱ្យមន្រ្តីបើកទ្វារទឹក និងត្រៀមបញ្ជៀសឱ្យបានទាន់ពេលវេលា។ ជាក់ស្ដែងអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកបានទាំងស្រុង និងមិនមានហានិភ័យឡើយ។ លោក ភឿន សុឃីម បន្ថែមថា ទឹកទាំងនោះបានបញ្ជៀសទៅតាមទ្វារទឹកសំខាន់ៗដូចជា អូរខ្លូត អូររកាជាដើម ទម្លាក់ទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងមួយចំនួនទៀតបញ្ចូលទៅតាមកសិន្ធុ និងបារាយណ៍ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ស្ថានភាពទឹកនៅពេលនេះ លោក ភឿន សុឃីម បញ្ជាក់ថា មានស្ថានភាពខ្លាំងបើធៀបនឹងឆ្នាំ២០១៤។ យ៉ាងណាមិញលោកបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាអាចគ្រប់គ្រងស្ថានការណ៍នេះបាន ដោយមិនបារម្ភពីការជន់លិចតំបន់ប្រាសាទ និងក្រុងសៀមរាបឡើយ ដ្បិតសមត្ថភាពទ្វារទឹកដែលបានសាងសង់ថ្មី និងស្ដារប្រព័ន្ធទឹកបុរាណមួយចំនួនធំឡើងវិញ បម្រើដល់ការងារគ្រប់គ្រងទឹកនេះ។ ប្រសិនគ្មានភ្លៀងធ្លាក់២ទៅ៣ថ្ងៃខាងមុខ ស្ថានភាពទឹកភ្លៀងនៅតំបន់រមណីយដ្ឋានអង្គរ នឹងធូរស្រាលទៅវិញ ទឹកនឹងស្រកវិញឆាប់ៗ។ លោក ភឿន សុឃីម ស្នើឱ្យពលរដ្ឋយោគយល់កំឡុងពេលបើកទ្វារទឹកនេះ ដែលអាចឱ្យផ្ទះពលរដ្ឋនៅក្បែរអូរជន់លិចដោយសារបរិមាណទឹកហូរទៅខ្លាំង និងច្រើន តែថាក្នុងរយៈពេលខ្លីប៉ុណ្ណោះ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ