• ច័ន្ទ ២៩ មេសា ២០២៤ ០៦:៥៩ ព្រឹក

លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល អំពាវនាវដល់ប្រជានេសាទ សូមបញ្ឈប់ការនេសាទខុសច្បាប់ ដែលធ្វើឱ្យបាត់បង់ពូជត្រីនាពេលអនាគត និងប្រឈមទៅនឹងច្បាប់ជលផល

ខេត្តកណ្ដាល៖ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានអំពាវនាវបែបនេះ ក្នុងឱកាសដែលលោកបានដឹកនាំមន្រ្តីជំនាញក្រោមឱវាទ សហការជាមួយ លោក ថោ ឡូ នាយអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងកងកំលាំងគណ:បញ្ជាការឯកភាពស្រុកពញាឮដឹកនាំដោយ លោក ថន សុវណ្ណា អភិបាល នៃគណ:អភិបាលស្រុកពញាឮ បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ត្រង់ចំនុច ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ដោយកំលាំងចំរុះបានរុះរើសារយកបទល្មើសនេសាទ១ករណីក្នុងនាះមាន លូស្បៃមុងចំនួន១៥០មាត់ របាំងស្បៃមុង១០១៦៨ម៉ែត្រ បង្គាល ចំនួ៧២០ដើម ដើម្បីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ទាំងនេះនៅនឹងកន្លែងកើតហេតុ និងលែងកូនត្រីចំនួន១៥០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។ លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា៖ នេះគឺជាការចុះបង្ក្រាបលើកទី២ហើយ ដែលខណ្ឌរដ្ឋបាលជលផលកណ្ដាល សហការជាមួយអាជ្ញាធរស្រុកពញាឮ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់ខណ្ឌរដ្ឋបាលជលផលកណ្តាល រួមសហការគ្នាជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើការបង្ក្រាបរាល់បទល្មើសនេសាទ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាលឱ្យមានប្រសិទ្ធភាពខ្ពស់ បើទោះជាបើកនូវដូវនេសាទក្ដី ក៏បងប្អូនប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ហាមឃាត់នេសាទ ក្នុងភូមិសាស្ត្រខេត្តកណ្ដាលឡើយ។ លោកនាយខណ្ឌរដ្ឋបាលជល់ផលកណ្ដាល បានឱ្យដឹងទៀតផងដែរថា៖ ក្នុងរយៈពេល ០៩ខែ ក្នុងឆ្នាំ២០២៣នេះ ខណ្ឌរដ្ឋបាលជលផលកណ្ដាល បានធ្វើការសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល បានបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន៩៩ករណីផងដែរ។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានក្រើនរំលឹកដល់អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់ សូមបញ្ឈប់រាល់សកម្មភាពនេសាទខុសច្បាប់ទាំងអស់ ដែលកើតមាននៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល នៅពេលមានការបង្ក្រាបបទល្មើសទាំងនោះ នឹងត្រូវអនុវត្តទៅតាមច្បាប់ដោយគ្មានការយោគយល់ឡើយ ទន្ទឹមនឹងនោះខណ្ឌរដ្ឋបាលជលផលកណ្ដាល និងចុះធ្វើការបង្ក្រាបដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីឱ្យខេត្តកណ្ដាលគ្មានបទល្មើសនេសាទខុសច្បាប់ឡើយ។ លោក ក៏បានស្នើដល់អាជ្ញាធរឃុំ ភូមិ ពិសេសបងប្អូនប្រជាពលរដ្ឋ សូមធ្វើការសហការជាមួយខណ្ឌរដ្ឋបាលជលផលកណ្ដាល ដោយរាយការណ៍នៅបទល្មើសនេសាទទាំងអស់ដែលកើតមានឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីឱ្យខណ្ឌរដ្ឋបាលជលផល ក៏ដូចជាអាជ្ញាធរស្រុក ធ្វើការចុះបង្ក្រាបឱ្យបានទាន់ពេលវេលា សំដៅធានានូវធនធានជលផលស្តុកក្នុង បឹង ទន្លេធម្មជាតិអោយបានល្អ ដើម្បីជាផលប្រយោជន៍របស់បងប្អូននៅក្នុងមូលដ្ឋានរបស់ខ្លួន។

 

អត្ថបទពេញនិយម

ពត៍មានថ្មីៗ