• ច័ន្ទ ២៩ មេសា ២០២៤ ០៥:៣៩ ព្រឹក

អាជ្ញាធរខេត្ដសៀមរាប បានដាក់គម្រោងសហគមន៍ទេសចរណ៍ចំនួន៣​ នៅបឹងទន្លេសាបដាក់ឲ្យប្រគួតប្រជែងបរិស្ថានស្អាត

អាជ្ញាធរខេត្ដសៀមរាប បានដាក់គម្រោងឲ្យសហគមន៍ទេសចរណ៍ចំនួន៣​ នៅជាប់បឹងទន្លេសាប នៃខេត្ដសៀមរាប បង្កើតរចនាសម្ព័ន្ធគ្រប់គ្រងសម្រាម ដើម្បីប្រគួតប្រជែងយកជ័យលាភីតំបន់ទេសចរណ៍បរិស្ថានស្អាត សម្រាប់ឲ្យមានការទាក់ទាញអ្នកទេសចរណ៍នៅពេលខាងមុខ។លោក អ៊ឹង គឹមលាង អភិបាលរងខេត្ដសៀមរាប បានថ្លែងក្នុងកិច្ចពិភាក្សាពីការវិចខ្ចប់កាកសំណល់ នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប កាលពីថ្ងៃទី០៣​ ខែសីហា​ ឆ្នាំ២០២២នេះ​ ថាតំបន់ទេសចរណ៍ដែលត្រូវប្រឡងគ្នាជាតំបន់ទេសចរណ៍បៃតងស្អាតទាំងនោះរួមមាន

-នៅសហគមន៍ទេសចរណ៍កំពង់ភ្លក់ ក្នុងស្រុកប្រាសាទបាគង

-សហគមន៍ទេសចរណ៍កំពង់ឃ្លាំង នៅស្រុកសូទ្រនិគម

-និងសហគមន៍ទេសចរណ៍ចុងឃ្នៀស ក្រុងសៀមរាប ។ លោកបានបន្ដថា អាជ្ញាធរមូលដ្ឋាន ត្រូវបង្កើតរចនាសម្ព័ន្ធ ពីការគ្រប់គ្រងសម្រាម សំណល់រឹង ឲ្យបានត្រឹមត្រូវនៅក្នុងតំបន់របស់ខ្លួន ទាំងនៅក្នុងរដូវវស្សា និងរដូវប្រាំង ដើម្បីប្រគួតប្រជែងគ្នាយកជ័យលាភីពីតំបន់ទេសចរណ៍បៃតងបរិស្ថានស្អាត ។  រចនាសម្ព័ន្ធនៃការគ្រប់គ្រងកាកសំណល់នេះ មានអ្នកទទួលទុកដាក់សម្រាម អ្នកគ្រប់គ្រងពីការដឹកជញ្ជូនសម្រាម និង ការផ្សព្វផ្សាយពីបរិស្ថានស្អាតជាដើម ដោយបង្កើតរចនាសម្ព័ន្ធនេះ ក្នុងរយៈពេលមួយខែ ។

លោក អ៊ឹង គឹមលាង ក៏បានគូសបញ្ជាក់ថា តំបន់ទេសចរណ៍កំពង់ភ្លក់ ជាតំបន់ទេសចរណ៍គំរូផ្នែកបរិស្ថានស្អាត ក្នុងចំណោមតំបន់ទេសចរណ៍ទាំងបីនៅបឹងទន្លេសាប ។ សហគមន៍ទេសចរណ៍កំពុងភ្លុកមួយនេះ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងវប្បធម៌ មានទីតាំងស្ថិតនៅក្នុងភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដែលមានចម្ងាយប្រមាណជា​ ៣២គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាបឹងទន្លេសាប អាហារធម្មជាតិ ព្រៃធម្មជាតិ ។ ម៉្យាងទៀតនៅទីនេះ ភ្ញៀវទេសចរអាចមកជិះទូកលំហែកម្សាន្ត ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជានេសាទក្នុងតំបន់ផងដែរ ។ ដូចនេះយើងអាចធ្វើដំណើរដោយជិះទូក ឬ កាណូត ដើម្បីបានទៅមើលព្រៃលិចទឹក មើលផ្ទះបណ្តែតទឹក និង បែចិញ្ចឹមត្រី និងទស្សនាកន្លែងផ្សេងៗទៀត នៅពេលល្ងាចគយគន់ថ្ងៃលិចនៅលើផ្ទៃទឹកដ៏ធំល្វឹងល្វើយនៃបឹងទន្លេសាបទៀតផង៕លោកបានបន្ដថា សហគមន៍ទេសចរណ៍នីមួយៗ ត្រូវសហការគ្នាជាមួយអង្គការដៃគូរ និងប្រជាសហគមន៍ ព្រះសង្ឃ យុវជនស្ម័គ្រចិត្ដ ដោយបំផុសគំនិតឲ្យពួកគាត់ចេះស្រលាញ់បរិស្ថាន ដូចដើររើសសម្រាម ដាក់ទៅក្នុងធុងសម្រាមនៅតាមទូកទេសចរណ៍ និង ដាក់ពាក្យស្លោកពីបរិស្ថានស្អាតនៅតាមផ្ទះផងដែរ ។​

ជាមួយគ្នានេះ ការគ្រប់គ្រងសម្រាមនៅតំបន់ទេសចរណ៍បឹងទន្លេសាបនោះ បានល្អប្រសើរ នឹងទទួលបានប័ណ្ណសរសើរ ចាប់ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្ដ។

លោកក៏ បានជម្រុញឲ្យអាជ្ញាធរ​ និងថ្នាក់ដឹកនាំសហគមន៍ទេសចរណ៍ យកចិត្ដទុកដាក់ពីការថែរក្សាបរិស្ថានប្រកបដោយនិរន្ដរភាព ដើម្បីទាក់ទាញអ្នកទេសចរ ។

អត្ថបទពេញនិយម

ពត៍មានថ្មីៗ