• ច័ន្ទ ២៩ មេសា ២០២៤ ០៩:៥៤ ព្រឹក

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបសំណេះសំណាលជាមួយកម្មករ ជិត២ម៉ឺននាក់ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសចំនួន១៨,០៩៩នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលនេះគឺជាកម្មវិធីលើកទី៥ហើយ តាំងពីសម្តេចធិបតីចូលកាន់តំណែងជានាយករដ្ឋមន្ត្រី។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការកសាងរោងចក្រ សហគ្រាសនៅតាមបណ្តាខេត្ត និងបង្កើតការងារ និងមុខរបរជូនប្រជាពលរដ្ឋឱ្យនៅកៀកនឹងមូលដ្ឋានរស់នៅរបស់កម្មករនិយោជិត។ រោងចក្រ សហគ្រាសត្រូវបានពង្រាយទៅតាមបណ្តាខេត្ត និងបានកើនឡើងជាបន្តបន្ទាប់។ ជាក់ស្តែង នៅរាជធានីភ្នំពេញមានរោងចក្រ សហគ្រាសសរុបចំនួន៩,៥៩០ និងមានកម្មករនិយោជិតសរុបប្រមាណ៦៦ម៉ឺននាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណ២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ ក្នុងនោះវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបមានចំនួន៧៣៥ និងមានកម្មករនិយោជិតប្រមាណ៣៤ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលប្រមាណ១ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពថ្លែងអំណរគុណ ដល់ការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខកម្មករនិយោជិត ជាពិសេសសម្តេចធិបតីបានបន្ថែមទឹកប្រាក់ចំនួន២ដុល្លារអាមេរិក ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាបានកើនដល់២០៤ដុល្លារអាមេរិក ចាប់ពីខែមករា ឆ្នាំ២០២៤ខាងមុខ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ក្រសួងការងារ និងភាគីពាក់ព័ន្ធ ដែលបានខិតខំក្នុងការចរចាលើការកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប រហូតសម្រេចបានលទ្ធផលចំនួន២០៤ដុល្លារ សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងថា ការដំឡើងប្រាក់ខែត្រឹម៤ដុល្លារ គឺដើម្បីចែកគ្នារស់ក្នុងពេលគ្រាលំបាកនេះ ទោះបីក្នុងចំនួនតិច ឬច្រើន គឺជាស្មារតីរួម «ចែកគ្នារស់ ជួយគ្នារស់» ហើយមានឱកាសពង្រីកទីផ្សារបន្ថែមទៀត រក្សាការងារដែលមានស្រាប់ ព្រមទាំងទាក់ទាញអ្នកវិនិយោគថ្មីមកបណ្ដាក់ទុននៅប្រទេសកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងការដំឡើងប្រាក់បៀវត្សន៍ដល់កម្មករ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ម្ចាស់ផ្ទះជួល សូមកុំឱ្យដំឡើងថ្លៃឈ្នួលបន្ទប់នៅឆ្នាំ២០២៤ និងសូមយោគយល់នឹងជួយគ្នាក្នុងស្ថានភាពលំបាកនេះ ព្រមទាំងបានណែនាំដល់រដ្ឋាករទឹក និងអគ្គិសនីកម្ពុជា បញ្ចុះថ្លៃទឹក និងថ្លៃភ្លើងដល់កម្មករនិយោជិត ដែលកំពុងស្នាក់នៅតាមផ្ទះជួល និងដើម្បីជាការគិតគូរដល់ម្ចាស់ផ្ទះជួលផងដែរ៕

អត្ថបទពេញនិយម

ពត៍មានថ្មីៗ